(ភ្នំពេញ)៖ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានស្នើដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យ និងស៊ើបសួរឲ្យច្បាស់ជាមុនសិន មុននឹងសម្រេចខ្ចីប្រាក់យកទៅប្រកបរបររកស៊ី ឬពង្រីកអាជីវកម្ម គឺត្រូវខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា។
ការស្នើរបស់ប្រធានធនាគាររូបនេះ ដើម្បីជួយដល់ពលរដ្ឋជៀសវៀង ការចាញ់បោកជនឆបោក ដោយប្រការណាមួយ រហូតដល់ជំពាក់បំណុលវ័ណ្ឌក ដោយសារតែការខ្ចីប្រាក់ពីប្រភពមិនមានច្បាប់ត្រឹមត្រូវ ដែលគ្មានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។
លោកឧកញ៉ា ហួត អៀងតុង បានថ្លែងថា គ្រប់ប្រជាពលរដ្ឋទាំងអស់ប្រាកដជាត្រូវការដើមទុន និងកុំខ្មាសអៀនខ្លាចក្រែងរអែង ចំពោះការខ្ចីប្រាក់ទៅប្រកបមុខរបរ ឬពង្រីកអាជីវកម្មរបស់ខ្លួន។
លោកបានបន្ថែមថា «មុននឹងខ្ចីប្រាក់នេះ ខ្ញុំសូមឲ្យប្រជាពលរដ្ឋមេត្តាគិត និងពិចារណាជាមុនសិន មុនពេលសម្រេចទទួលយកឥណទាន ពីគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុណាមួយ ជាយោបល់ខ្ញុំសូមឲ្យប្រជាពលរដ្ឋ ទទួលយកសេវាហិរញ្ញវត្ថុណាមួយ ដែលមានអជ្ញាបណ្ណត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា»។
លោកឧកញ៉ាបន្ដថា «ថ្មីៗនេះខ្ញុំឃើញមានប្រជាពលដ្ឋមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺ ចាញ់បោកជនខិលខូច ដោយបោកបញ្ឆោតឲ្យវិនិយោគ និងដាក់សន្សំជាមួយពួកគេ និងទទួលបានអត្រាការប្រាក់ខ្ពស់ជាដើម។ កត្តាទាំងនេះហើយទើបបានជាខ្ញុំ សូមជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ផ្ដោតមកប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬគ្រឹះស្ថានធនាគារ មានអាជ្ញាបណ្ណត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា រួមទាំងធនាគារហត្ថាផង បានប្រើប្រាសគោលនយោបាយមួយហៅថា គោលនយោបាយគាំពាអតិថិជន»។
លោកឧកញ៉ា ហួត អៀងតុង បញ្ជាក់ថា គោនយោបាយ គាំពាអតិថិជននេះ ជាគោនយោបាយដែលហត្ថាអនុវត្តយ៉ាងតឹងរឹង ក្នុងការការពារអតិថិជន។ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់សេវាឌីជីថល ព្រោះមានភាពងាយស្រួល និងចំណេញច្រើន។
សូមជម្រាបថា នៅឆ្នាំ២០២១នេះ ធនាគារហត្ថា ត្រៀមទុនចំនួន៤៤០លានដុល្លារ សម្រាប់ផ្ដល់កម្ចីដល់អតិថិជន ដើម្បីគាំទ្រសកម្មភាពស្តារសេដ្ឋកិច្ចឡើងវិញ៕