(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់ថែមទៀត ដែលម្នាក់ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។

នៅថ្ងៃនេះក្រសួងក៏បានប្រកាស ពីការព្យាបាលអ្នកជំងឺ២នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង២នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ចោមចៅទី៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១៣៨នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១៣៧នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជ ធានីពេញចំនួន ១០នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីពេញ ចំនួន០១នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីពេញ ចំនួន៧៩នាក់ ស្ថានទូតអាមេរិក ចំនួន ០១នាក់ ស្ថានទូតបារាំង ចំនួន០១នាក់ ស្ថានទូតស្វីស ចំនួន ០៥នាក់ និងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ចំនួន ៤០នាក់។

២៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិស្លែង ឃុំស្រណោល ស្រុកក្រឡាញ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្ត វត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ចំណែកអ្នកជាសះស្បើយចំនួន ២នាក់រួមមាន៖

១៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ បុរសរូបនេះត្រូវ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិន។

២៖ បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៥៨ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤០៥នាក់ និងអ្នកជំងឺ៥៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕