(ឧត្តរមានជ័យ)៖ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវ ដែលស្ថិតនៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានរៀបចំពិធីក្រុងពាលី សុំអ្នកតា ម្ចាស់ទឹក ម្ចាស់ដីសាងសង់ហើយ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការរង នាយការិយាល័យនិងមន្ត្រីនគរបាលជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា អគារនគរបាលប៉ុស្តិ៍រដ្ឋបាលផ្អាវ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដែលកំពុងរៀបចំពិធីបញ្ចុះបឋមសិលាសាង់សង់នៅពេលនេះ ធ្វើអំពីបេតុងមានទំហ៊៩ម៉ែត្រ គុណ១២ម៉ែត្រ ជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ។
លោកស្នងការ បានបញ្ជាក់ថា អគានគរបាលប៉ុស្តិ៍រដ្ឋបាលផ្អាវនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ឲ្យមន្ត្រីនគរបាលបំពេញការងារ មានភាពងាយស្រួល ក៏ដូចជាការស្នាក់នៅផងដែរ។ លោកស្នងការ បានជំរុញឲ្យក្រុមជាង ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ ដើម្បីធានាឲ្យសំណង់មានគុណភាពប្រយោជន៍ ការប្រើប្រាស់បានយូរអង្វែង។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានដឹកនាំមន្ត្រី បន្តដំណើរចុះពិនិត្យមើលការសាងសង់ខ្លោងទ្វារ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ជាមួយនឹងការផ្តាំផ្ញើឲ្យកងកម្លាំងនគរបាល ត្រូវយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឲ្យបានល្អ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕