(កំពង់ស្ពឺ)៖ បើតាមអ្នកជំនាញ លើវិស័យអចលនទ្រព្យ បានគូសបញ្ជាក់ថា បើមានឱកាសគួរតែ ធ្វើការវិនិយោគអចលនទ្រព្យ នាពេលបច្ចុប្បន្ន វាអាចមានឱកាសចំណេញច្រើន ព្រោះគ្រប់គ្នាកំពុងមានការភ័យខ្លាច និងរឿងខាតបង់ ក្នុងកំឡុងពេលជំងឺកូវីដ-១៩។
លោក ថន វណ្ដុង នាយកប្រតិបត្ដិក្រុមហ៊ុន KRUD ALLIANCE និងជាអ្នកជំនាញមួយរូប លើវិស័យអចលនទ្រព្យ បានឲ្យដឹងថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈ កូវីដ-១៩ យ៉ាងណាក្ដី ប៉ុន្ដែការបណ្ដាក់ទុន គឺវាជាឱកាស ព្រោះគ្រប់គ្នាភ័យខ្លាច និងរឿងខាតបង់ ធ្វើឲ្យតម្លៃអចលនទ្រព្យ មានការធ្លាក់ចុះ។
ក្នុងពិធីសម្ពោធគម្រោងអភិវឌ្ឍន៍ មនោរម្យ ទំហំ៤០ហិកតា ក្នុងភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ លោក ថន វណ្ដុង ក៏បានលើកទឹកចិត្ដ ដល់ប្រជាពលរដ្ឋ គួរតែចាប់ផ្ដើមវិនិយោគ ក្នុងកាលៈទេសៈកូវីដ-១៩ ព្រោះបញ្ហា គឺជាឱកាស។
លោក ថន វណ្ដុង បានបញ្ជាក់យ៉ាងដូច្នេះថា «ទាំងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ការបណ្ដាក់ទុនវាជាឱកាស ក្នុងកាលៈទេសៈកូវីដ-១៩ ព្រោះគ្រប់គ្នាភ័យខ្លាច និងរឿងខាតបង់ តម្លៃអចលនទ្រព្យ មានការធ្លាក់ចុះ ដែលនេះជាឱកាស»។
លោកបានលើកឡើងថា កូវីដ-១៩ មិនមែនជាបញ្ហាយូរអង្វែងទេ វាជាបញ្ហាកើតឡើងហើយ និងរលត់ទៅវិញ ក្នុងនាមអ្នកវិនិយោគ ក្នុងនាមជាអតិថិជន គួរតែចាប់យកឱកាសនេះ ដើម្បីធ្វើការវិនិយោគ ព្រោះថា តម្លៃអចលនទ្រព្យ នឹងឡើងថ្លៃ នៅពេលបញ្ហាកូវីដ-១៩ បានបញ្ចប់។
បើតាមលោក ស៊ុន គឹមហឿន នាយកប្រតិបត្ដិក្រុមហ៊ុន TOP 5 Real Estate Developers បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ មនោរម្យ ជាតំបន់ដែលពោលពេញ ដោយសក្ដានុពល និងមានក្រុមហ៊ុនជាច្រើន មកដាក់ទុនអភិវឌ្ឍន៍ នៅក្នុងតំបន់នេះ។
លោក ស៊ុន គឹមហឿន បានបន្ថែមទៀតថា គម្រោងអភិវឌ្ឍន៍ មនោរម្យ គឺជាគម្រោងអភិវឌ្ឍដីឡូត៍ មានសក្ដានុពល និងមានទំហំអភិវឌ្ឍន៍ចំនួន៤០ហិកតា ហើយជុំវិញតំបន់នេះ មានក្រុមវិនិយោគចាប់អារម្មណ៍ ទាក់ទងនឹងការវិនិយោគ លើដីកសិកម្ម ឧស្សាហកម្ម និងរោងចក្រធំៗ -ល-៕