(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមដំណើរដោយអស់លោកជាអ្នកតំណាងរាស្រ្ត ជាមន្ត្រីក្រុមការងារតាមក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អភិបាលខេត្ត និងមន្ត្រីថ្នាក់ក្រោមជាតិជាច្រើនរូបទៀត បានចុះទៅជួយគាំទ្រការងាររៀបចំធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជនកម្ពុជារបស់មន្ត្រីមូលដ្ឋានក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ការចុះទៅធ្វើសកម្មភាពការងារនៅមូលដ្ឋាននេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីអស់លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកគណបក្សឃុំ ប្រធាន អនុប្រធានសមាជិកសាខាបក្សភូមិទាំង ១២ភូមិក្នុងឃុំ។
បន្ទាប់ពីរបាយការណ៍របស់លោកប្រធានគណបក្សស្រុកព្រែកប្រសព្វ និងប្រធានគណបក្សឃុំជ្រោយបន្ទាយ ព្រមទាំងការចូលរួមយោបល់ពីលោកស្រី អស់លោកជាប្រធានភូមិជ្រោយបន្ទាយ ល្ពៀត ទួលព្រិច កំពង់ដ ភ្ញារង រួចមក លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្ត បានថ្លែងមតិសំណេះសំណាលទៅកាន់អង្គប្រជុំ ដោយសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ទាំង៣ ស្របតាមស្មារតីសេចក្តីណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមមាន៖
១. ប្រមូលកំលាំងសរុប និងកិច្ចសហការល្អរវាងគណបក្សគ្រប់ថ្នាក់ និងក្រុមការងារគ្រប់ប្រភេទ ពិសេសក្រុមយុវជនដើម្បីដំណើរការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ចាប់ផ្តើមពីថ្នាក់មូលដ្ឋាន ក្រុមបក្ស គ្រួសារបក្សឡើងមកលើ។
២. ខិតខំបញ្ចប់ការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សតាមកាលកំណត់ ត្រឹមត្រូវតាមគំរូបញ្ចីរាយនាមមានស្រាប់ ដើម្បីធានាឱ្យការគ្រប់គ្រងទិន្នន័យសមាជិកបានឯកភាពគ្នាក្នុងគណបក្សទាំងមូល។
៣. យកចិត្តទុកដាក់ជម្រុញការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សឱ្យក្លាយដោយពិតប្រាកដទៅជាការពង្រឹងគុណភាពសមាជិកគណបក្ស ដើម្បីធានាថាសមាជិកគណបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្សយើងមួយសន្លឹក៕