(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានលើកឡើងពីចរន្ដនៃការទិញលក់ វិស័យដីធ្លីក្នុងឆ្នាំ២០២០ ដោយក្នុងមួយឆ្នាំនេះ ការទិញលក់មានការធ្លាក់ចុះបន្ដិច ធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩ មិនមានវិនិយោគគិនបរទេស មកវិនិយោគ ហើយការវិនិយោគក្នុងស្រុកក៏មិនសូវមានសន្ទុះ។ ទោះបីជាមានការធ្លាក់ចុះនៃចរន្ដទិញលក់ក៏ពិតមែន ប៉ុន្ដែតម្លៃនៃអចលនទ្រព្យ មិនបានថមថយតម្លៃឡើយ។
ការលើកឡើងបែបនេះរបស់លោក ច្រឹក សុខនីម ធ្វើឡើងក្នុងឱកាសចូលរួមក្នុងកម្មវិធី កិច្ចពិភាក្សាសារព័ត៍មាន ក្រោមប្រធានបទស្ដីពី «តើត្រូវវិនិយោគលើអចលនវត្ថុដោយរបៀបណាក្នុងសម័យកូវីដ១៩» រៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា និងសមាគមអចលនវត្ថុកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
លោក ច្រឹក សុខនីម បានឲ្យដឹងថា «ចរន្ដនៃការទិញលក់វិស័យដីធ្លីក្នុងឆ្នាំ២០២០ មានការធ្លាក់ចុះខ្លះ ប៉ុន្ដែសម្រាប់តម្លៃនៃការលក់មិនបានថមថយឡើយ។ មិនបានថមថយដោយសារតែ ចរន្ដទិញលក់ក្នុងស្រុកមិនបានធ្លាក់ចុះ ធ្លាក់ចុះតែការទិញលក់ពី សំណាក់វិនិយោគិនបរទេស ដែលមិនអាចចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបាន ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩»។
លោកបានបន្ដថា ទោះជាយ៉ាងណាក្ដីវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្ដភាពរឹងមាំ គ្រាន់តែបាត់មួយចំណែកនៃការចូលរួមវិនិយោគ ពីសំណាក់វិនិយោគិនបរទេសប៉ុណ្ណោះ។
លោក គាម សៀកឡុង ទីប្រឹក្សាផ្នែកអាជីវកម្មអវលវត្ថុសមាគមអ្នកវាយតម្លៃអចលនទ្រព្យ បានលើកឡើងថា ចរន្ដនៃការទិញលក់ខុនដូមាន២ច្រកសំខាន់ៗគឺ ភ្ញៀវក្នុងស្រុក, និងភ្ញៀវបរទេស ជាក់ស្ដែងបន្ទាប់ពីការរីករាលដាល នៃជំងឺកូវីដ១៩មកឃើញថា ការទិញលក់ និងជួលខុនដូ មានការធ្លាក់ចុះ៕