(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានពាំនាំនូងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ នៅពេលនេះ ជាអំណោយរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ សមាគមន៍និស្សិតបញ្ញាវន្តក្មេងវត្តសាខាខេត្តព្រះវិហារ និងសប្បុរសជនជាច្រើនរូបទៀតផង។
លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានកោតសរសើរ ដល់ក្រុមការងារសមាគមន៍និស្សិតបញ្ញាវន្តក្មេងវត្តសាខាខេត្តព្រះវិហារ ដែលបានធ្វើសកម្មភាពមនុស្សធម៌ច្រើននៅតាមតំបន់នានា ក្នុងខេត្តព្រះវិហារ។
លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានជម្រាបជូនប្រជាពលរដ្ឋពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកថាការអភិវឌ្ឍន៍នេះ ផ្តើមចេញពីកត្តាដែលប្រទេសជាតិមានសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលគ្មានប្រទេសណាមួយអាចធ្វើបាន។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវប្រឆាំងដាច់ខាតចំពោះជនណា ក្រុមណាឬបក្សនយោបាយណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ ជាមួយគ្នានោះដែរ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋយើង បន្តអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩៕