(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តចុះហត្ថលេខាលើអនុស្សរណៈនៃ «គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ (CHAIN Phase III)» ជាមួយទីភ្នាក់ងារស្វីស ក្នុងបំណងពង្រឹង និងពង្រីកកិច្ចសហប្រត្តិបត្ត ដើម្បីបង្កើនផលិតកម្មបន្លែ និងផ្លែឈើសុវត្ថិភាពនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ ដែលបានកំណត់ច្បាស់ នូវចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប ដែលមានលក្ខណៈប្រកួតប្រជែង។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី វេង សាខុន និងមានវត្តមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកស្រី Alexandra Mandelbaum នាយកអង្គការ SNV ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Rik Overmars ប្រធានក្រុមគម្រោង CHAIN ព្រមទាំងលោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
ចំណែកនៃការចុះហត្ថលេខានេះ ក៏ដើម្បីធានាបាននិរន្តរភាពនៃប្រាក់ចំណូល និងអាជីពប្រចាំគ្រួសារ បង្កើតការងារ ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ។ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ឃើញថាផលិតកម្មបន្លែក្នុងស្រុកបានផ្គត់ផ្គង់បានជាង ៦៨% នៃតម្រូវការប្រើប្រាស់ក្នុងស្រុក។
លោក Markus Burli បានបញ្ជាក់ថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តផ្តល់កិច្ចគាំទ្រដល់ក្រសួង រួមគ្នាអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងអាហារូបត្ថម្ភដល់ប្រជាជនកម្ពុជា។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា គម្រោង CHAIN មានរយៈពេល ៨ឆ្នាំ (២០១៤ - ២០២២) ដែលមានថវិកាសរុប ១០លានដុល្លារ កំពុងប្រតិបត្តិក្នុងខេត្តគោលដៅចំនួន០៤ គឺក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ, និងឧត្តរមានជ័យ ដោយជ្រើសរើសតំបន់ដាច់ស្រយាល និងខ្ពង់រាបជាប់ព្រំដែនថៃ ឡាវ និងវៀតណាម ដែលតំបន់នោះភាគច្រើនខ្វះហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មដឹកជញ្ជូនមានតំលៃថ្លៃ ខ្វះប្រភពទឹកនៅរដូវប្រាំង និងកម្រិតវប្បធម៌របស់ប្រជាជនមានកម្រិតទាប។
ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ គម្រោងបានកែប្រែកសិករជិត ១០,០០០គ្រួសារពីការធ្វើស្រែ តែមួយមុខមកប្រកបរបរដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់អាហារូបត្ថម្ភ ពាក់កណ្តាលអាជីវកម្ម និងអាជីវកម្មពេញលេញសម្រាប់ផ្គត់ផ្គង់ទីផ្សារដោយជ្រើសរើសស្រ្តីជាគោល។ គម្រោងបានផ្តោតជាសំខាន់លើខ្សែសង្វាក់តម្លៃនៃសាកវប្បកម្មក្នុងខេត្តគោលដៅទាំងអស់ និងជំរុញកំណើនចំណូលគ្រួសារប្រកបដោយចីរភាព និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងគ្រួសារ និងភាពធន់ទ្រាំការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារ SDC ធ្វើឲ្យគម្រោង CHAIN ដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ឈានដល់ការរៀបចំចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោង CHAIN ដំណាក់កាលទី៣ នេះបន្តផងដែរ។
លោក វេង សាខុន បានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតភ្ជង់ជាសំខាន់លើគុណភាព និងសុវត្ថិភាពជាចំបង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងបន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ។
លោករដ្ឋមន្ត្រីជឿជាក់ថា តាមរយៈគម្រោងនេះ សាកវប្បករនឹងទទួលបានបច្ចេកទេសទំនើបលើការដាំដុះដំណាំ និងទីផ្សារបន្លែ ផ្លែឈើសុវត្ថិភាព ដើម្បីចូលរួមលើកកម្ពស់ជីវភាពនៅតាមជនបទ និងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាននៃខេត្តគោលដៅ ដៃគូអភិវឌ្ឍន៍ និងជាពិសេសទីភ្នាក់ងារ SDC ដែលបានជួយឧបត្ថម្ភគាំទ្រថវិកា សម្រាប់អនុវត្តគម្រោងដោយបានប្រែក្លាយពីតំបន់គ្មានផលិតបន្លែមកជាតំបន់ផលិតបន្លែសុវត្ថិភាពគំរូសម្រាប់ផ្គត់ផ្គង់ទីផ្សារ៕