(រតនគិរី)៖ នៅរសៀលនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន បានយាងទត និងសោយព្រះក្រយា នៅរមនីយដ្ឋានបឹងយក្សឡោម ខេត្តរតនគីរី ដែលទីនោះព្រះអង្គម្ចាស់ក្សត្រី បានសាងសង់បង្គន់ផ្ទាល់ខ្លួន ដែលមានតម្លៃរហូតដល់៤ម៉ឺនដុល្លារ។

បង្គន់នោះមានតម្លៃ៤ម៉ឺនដុល្លារ ទំហំ៨ម៉ែតការ៉េ បំពាក់ដោយម៉ាស៊ីនត្រជាក់ ហើយសាងសង់ដោយក្រុមហ៊ុនសំណង់ថៃ SCG រយៈពេល១៩ថ្ងៃ។ បង្គន់នោះគឺត្រូវបានធ្វើឡើង ថ្វាយសម្រាប់តែព្រះអង្គម្ចាស់ក្សត្រិយ៍ ដែលនឹងគង់សម្រាកនៅទីនោះ ហើយវានឹងត្រូវរុះរើចោលនៅពេលក្សត្រីយ៍អង្គនោះ យាងចាកចេញទៅវិញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបរទេស។

ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិនថន បានយាងមកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖០០ព្រឹកមិញ ដើម្បីបំពេញព្រះរាជទស្សនកិច្ចរយៈពេល៣ថ្ងៃ​ នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះព្រះម្ចាស់ក្សត្រិយ៍ នឹ​ងសម្ពោធសមិទ្ធផលមួយចំនួន ចាប់ពីថ្ងៃទី២២​ ដល់ថ្ងៃទី២៤កុម្ភៈ។

នៅពេលដែលមកដល់ប្រទេសកម្ពុជា ព្រះអង្គម្ចាស់ក្សត្រី ត្រូវបានទទួលព្រះរាជដំណើរដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហើយបានជួបសំណេះសំណាល​ជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕