(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវក្រាលកៅស៊ូ DBST និងការចិញ្ចឹមសត្វ នៅឃុំស្រក ស្រុកកំពង់សៀម។
មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានបញ្ជាក់ថា លោក អ៊ុន ចាន់ដា រួមជាមួយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ អ្នកបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្លូវដែលជាសមទ្ធិផលរបស់រាជរដ្ឋាភិបាលតាមរយ: ក្រសួងអភិវឌ្ឍន៍ជនបទនៅក្នុងខេត្តកំពង់ចាម ចុះពិនិត្យផ្លូវពីដីក្រហម-ភ្នំហាន់ជ័យ ស្ទឹងត្រង់ កំពង់សៀម ប្រវែង២១.៥០០ ម៉ែត្រ ដែលកំពុងអនុវត្តដោយក្រាលកៅស៊ូ DBST (ថវិកាពហុឆ្នាំរបស់នាយកដ្ឋាន) និងចុះពិនិត្យស្ថានភាពផ្លូវពីស្រក-ព្រលានយន្តហោះ ស្ទឹងត្រង់ កំពង់សៀម ប្រវែង ២៣.៥០០ ម៉ែត្រ ដែលជាប់ក្នុងគម្រោងធនាគារពិភាពលោកជំហាន២ ដោយគ្រោងក្រាលកៅស៊ូ DBST ពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា ទន្ទឹមនឹងការចុះពិនិត្យផ្លូវ លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ ជាមួយនឹងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងចិញ្ចឹមសត្វជ្រូក និងសត្វមាន់និងការដាំដុះផ្សេងៗ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ឃុំស្រក ស្រុកកំពង់សៀមផងដែរ៕