(កំពង់ឆ្នាំង)៖ ឆ្លើយតបទៅនឹងសេចក្តីអំពាវនាវស្នើសុំរបស់លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាផ្លូវទូក ស្ថិតក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង តាមរយៈបណ្តាញព័ត៌មាន Fresh News កាលពីសប្តាហ៍មុន នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ លោក ហេង ការ៉ូ និងលោក ហោ ហៀង តំណាងលោកស្រី ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពួកគេសម្រាប់ការប្រើប្រាស់ជាប្រយោជន៍រួម។
អំណោយទាំងនោះរួមមាន៖ ស៊ីទែនស្តុកទឹកចំណុះ៥០០០លីត្រចំនួន១, សៀវភៅសសេរចំនួន១០០០ក្បាល, ប៉ិចចំនួន១០០០ដើម និងថវិកាមួយចំនួន ត្រូវបានប្រគល់ជូនលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៣០៤នាក់ នៃសាលាបឋមសិក្សាផ្លូវទូក ដែលស្ថិតនៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកស្រី ប្រាក់ សោភ័ណនារី ជូនដល់ពួកគាត់ ព្រមទាំងបានផ្តាំផ្ញើដល់សិស្សានុ សិស្ស ទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់នូវការពន្យល់របស់លោកគ្រូ អ្នកគ្រូ បន្ថែមទៀតទាំងចំណេះដឹង ចំណេះធ្វើ ប្រកាន់ខ្ជាប់នូវសីលធម៌ និងសិល្បៈរស់នៅក្នុងសង្គមដើម្បីក្លាយ ជាទំពាំងស្នងឫស្សីដ៏មាន សក្តានុពលប្រកបដោយសមត្ថភាពរបស់ប្រទេសជាតិនៅថ្ងៃអនាគត។
ក្រុមការងារបានណែនាំឲ្យថែរក្សាសុខភាពក្នុងស្ថានភាពប្រទេសយើងមានអាកាសធាតុចុះត្រជាក់ ជាពិសេសថែរក្សាអនាម័យ បង្ការ ក៏ដូចជា ការពារ ការរីកដាលដាល នៃជំងឺឆ្លងកូវីដ១៩ ត្រូវអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា កាលពីសប្តាហន៍មុន សិស្សសាលាបឋមសិក្សាផ្លូវទូក ស្ថិតនៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្នើសុំដល់ថ្នាក់ដឹកនាំ នូវស៉ីទែនទឹកជ័រមួយ ដែលមានចំណុះ៥,០០០លីត្រ ដើម្បីស្តុកទឹកសម្រាប់ឲ្យសិស្សានុសិស្សលាងសម្អាតដៃជើង មុខមាត់ ដើម្បីជាការធ្វើអនាម័យនៅមុនពេល និងក្រោយពេលចូលថ្នាក់រៀន និងសម្រាប់ស្រោចផ្កា នៅក្នុងសាលារៀនដោយសារតែទឹកនៅឆ្ងាយពីសាលា។
សាលាបឋមសិក្សាផ្លូវទូកខាងលើនេះ បច្ចុប្បន្នស្ថិតនៅទីទួល ក្នុងតំបន់ទឹកលិច ដែលជាភូមិសាស្រ្តមួយត្រូវបានទឹកលិច នៅរាងរាល់រដូវវស្សា និងនៅរដូវប្រាំងទឹក ទន្លេស្រកទៅឆ្ងាយពីសាលា ដែលជាផលវិបាកដល់សិស្សានុសិស្សក្នុងការចុះលាងដៃជើង ត្រូវជួបហានិភ័យខ្ពស់ចំពោះសិស្សតូចៗ និងជួបការលំបាកក្នុងការទៅដងទឹក យកមកស្រោចដំណាំក្នុងសាលា។
សាលាបឋមសិក្សាផ្លូវទូកមាន២ខ្នង និងមាន៧បន្ទប់ ពីថ្នាក់ទី១ ដល់ទី៦ មានសិស្សចំនួន២៧៣នាក់ និងមានថ្នាក់មតេយ្យសិក្សាចំនួនមួយថ្នាក់ ដែលមានសិស្ស៣១នាក់ សរុបសិស្សទាំងថ្នាក់បឋមសិក្សា និងថ្នាក់ម្តេយ្យមានចំនួន៣០៤នាក់ ស្រី១៥០នាក់ និងមានគ្រូចំនួន៧នាក់ ផែនទីសិក្សាមាន៣ភូមិ គឺភូមិថ្នល់ឈើទាល ភូមិពាមខ្នង និងភូមិស្លត។
ក្រោយការអំពាវនាវនេះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចាត់ឲ្យក្រុមការងារនាំអំណោយទាំងនេះជូនភ្លាម ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។ ជាមួយគ្នានេះក្រុមការងារក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ និងអ្នកគ្រូម្នាក់ៗ ២ម៉ឺនរៀលផងដែរ៕