(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានឆ្លើយតបនឹងមតិមួយចំនួនដែលបានរិះគន់ដោយគ្មានព័ត៌មាន និងមូលដ្ឋានច្បាស់លាស់លេីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
តាមរយៈ Facebook, ដេីម្បីជាការឆ្លេីយតបទៅនឹងមតិមួយចំនួនដែលបានរិះគន់មកលេីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយគ្មានមូលដ្ឋាន និងព័ត៌មានជាក់លាក់ច្បាស់លាស់ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបង្ហាញសាធារណ:ជនទាំងអស់ឲ្យជ្រាបអំពីលទ្ធផលប្រៀបធៀបគ្នារវាងឆ្នាំ២០២០ និង ឆ្នាំ ២០១៩ ក៏ដូចជាការប្រៀបធៀបរយ:ពេល ៧ខែនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០១ ខែ០៥ រហូតដល់ថ្ងៃទី៣១ ខែ១២ ឆ្នាំ ២០២០ ទៅនឹងរយ:ពេល៧ខែដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមិនទាន់មានយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ។
ជាលទ្ធផលសង្កេតឃេីញថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺពិតជាមានប្រសិទ្ធភាព និងទទួលបាននូវលទ្ធផលល្អ ដោយចាប់ពីពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកមកដល់ពេលនេះ គឺ មានការថយចុះច្រេីនទាំងចំនួនគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់។ល។
ម្យ៉ាងវិញទៀត ក្នុងរយ:ពេលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មានមន្ត្រីនគរបាលចំនួន ២២នាក់ ដែលបានអនុវត្តផ្ទុយពីការណែនាំ ត្រូវបានទទួលវិន័យកងកម្លាំង ជាមួយនោះដែរក៏មានមន្ត្រីចំនួន ១៣នាក់ បានទទួលរងគ្រោះថ្នាក់ ធ្ងន់០៥ នាក់ ស្រាល ចំនួន ០៨ នាក់ ដែលបង្កឡេីងដោយអ្នកបេីកបរល្មេីសច្បាប់នៅពេលមន្ត្រីកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍៕