(ភ្នំពេញ)៖ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានការរាជានុញ្ញាតក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តីអំពីវឌ្ឍនភាពវិវត្តរបស់បណ្ណាល័យ សម្តេចម៉ែ សម្រាប់ឆ្នាំ២០២១។
ដើម្បីជាកិច្ចចូលរួមលើកស្ទួយតម្លៃសិល្បៈ និងវប្បធម៌ជាតិខ្មែរដ៏ថ្កើងថ្កាន លោក ឆាំង យុ បានរៀបចំសម្តែងសិល្បៈគ្រប់ទម្រង់ទាំងរបាំក្បាច់បុរាណខ្មែរ (ឬរបាំព្រះរាជទ្រព្យ) របាំសហសម័យ គំនូរ និងតន្រ្តីរៀងរាល់៣ខែម្តងនៅក្នុងបណ្ណាល័យសម្តេចម៉ែ ដើម្បីឲ្យបណ្ណាល័យសម្តេចម៉ែកាន់តែមានសកម្មភាពរស់រវើក និងគួរជាទីចាប់អារម្មណ៍ ក៏ដូចជាការធ្វើការផ្សព្វផ្សាយជូនភ្ញៀវជាតិ និងអន្តរជាតិនូវព្រះកិត្តិនាម និងភាពសម្បូរបែបនៃបណ្ណាល័យសម្តេចម៉ែ។
នៅខែមករា ឆ្នាំ២០២១ ក្រុមសិល្បៈមួយក្រុមដឹកនាំដោយ កញ្ញា សុខ ណាលីស បានមកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ និងពិនិត្យមើលទីកន្លែងសម្រាប់ហ្វឹកហាត់សម្តែងសិល្បៈរបាំក្បាច់បុរាណ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។
ក្រុមសិល្បៈនឹងសម្តែងសិល្បៈរបាំក្បាច់បុរាណដើម្បីអបអរខួបលើកទី១១០ នៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅបណ្ណាល័យសម្តេចម៉ែ។ ភ្ញៀវជាតិដែលជាលោកស្រីឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជានឹងត្រូវបានអញ្ជើញ និងយាងមកចូលរួមព្រឹត្តិការណ៍ និងទស្សនាកម្មវិធីសម្តែងសិល្បៈនៅបណ្ណាល័យ សម្តេចម៉ែ។
បណ្ណាល័យ សម្តេចម៉ែ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ដាក់តាំងពិព័រណ៍ព្រះឆាយាលក្ខណ៍ និងស្នាមព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ កិច្ចការស្រាវជ្រាវ កិច្ចការផ្សព្វផ្សាយ និងកិច្ចការបោះពុម្ភផ្សាយ រួមជាអាទិ៍មានសៀវភៅ ស្តីអំពីទំនាក់ទំនងសម្តេចព្រះនរោត្តម សីហនុ និងនាយរដ្ឋមន្រ្តី ជូ អេនឡាយ នៃប្រទេសចិន។
បណ្ណាល័យសម្តេចម៉ែ បានបង្កើតឡើងជាផ្លូវការដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីថ្វាយព្រះរាជកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានខិតខំប្រឹងប្រែងដើម្បីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជា។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យយាងសម្ពោធបណ្ណាល័យ សម្តេចម៉ែនៃ វិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ។
បណ្ណាល័យសម្ដេចម៉ែ មានតម្កល់ទុកសមុច្ច័យជាសៀវភៅប្រមាណជាង ៣០០០ក្បាល និងឯកសារចំនួន ២៨០០ប្រអប់ ស្ដីពីរាជវង្សានុវង្ស និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ឯកសារដែលតម្កល់នៅក្នុងបណ្ណាល័យសម្តេចម៉ែ ក៏រួមមានសៀវភៅជាច្រើនទៀតស្ដីអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងឯកសារស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) យ៉ាងហោចណាស់ ១លាន៧សែន ដែលស្រាវជ្រាវដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈពេលប្រមាណជាង ២០ឆ្នាំកន្លងមក។
បណ្ណាល័យសម្តេចម៉ែ ថែមទាំងមានតម្កល់នូវឯកសារក្នុងទម្រង់ដទៃទៀត ដូចជា រូបថត ភាពយន្ត និងខ្សែអាត់សម្លេងជាច្រើនម៉ឺននាទីរបស់ជនរងគ្រោះក្នុងសម័យ ប៉ុល ពត ដែលត្រូវបានធ្វើឲ្យទៅជាទម្រង់ឌីជីថលមានគុណភាពខ្ពស់ ដើម្បីធានាដល់ការអភិរក្សលើឯកសារឲ្យបានគង់វង្ស និងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការប្រើប្រាស់។
ទោះបីប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃការរីករាលដាលជំងឺរាតត្បាត កូវីដ១៩ នៅពេលបច្ចុប្បន្នក៏ដោយ ក៏សកម្មភាពអប់រំរបស់បណ្ណាល័យសម្តេចម៉ែដល់ប្រជាជនកម្ពុជា និងអ្នកស្រាវជ្រាវជំនាន់ក្រោយតាមរយៈសិល្បៈ តន្រ្តី ខ្មែរភាពយន្ត និងប្រវត្តិសាស្រ្ត នៅតែមានសកម្មភាព និងបន្តទៅមុខ៕