(ភ្នំពេញ)៖ នាវាចម្បាំងចិន ៣គ្រឿង រួមនិងកងទ័ព ៧៣៧នាក់ ដឹកនាំដោយឧត្តមនាវីទោ យូ ម៉ាន់ជាំង មេបញ្ជាការប្រចាំការសមុទ្រ ចិនខាងត្បូងរបស់កងទ័ពប្រជាជនចិន បានចូលមកដល់សមុទ្រកម្ពុជាហើយ នៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
ដំណើរមកដល់របស់នាវា និងកងទ័ពជើងទឹកចិន ត្រូវបានទទួលស្វាគមន៍ដោយឧត្តមសេនីយ៍ទោ រស់ វាសនា មេបញ្ជាការរងកងទ័ព ជើងទឹកមូលដ្ឋានសមុទ្ររាម, មន្រ្តីស្ថានទូតចិន និងនាយ-នាយរង និងពលនាវីជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃនេះថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយ ឧត្តមសេនីយ៍ ទៀ បាញ់ នឹងអញ្ជើញទទួលស្វាគមន៍កងទ័ពជើងទឹកចិនដោយផ្ទាល់នៅល្ងាចថ្ងៃនេះ។
គេហទំព័ររបស់បញ្ជាការជួរមុខ នៃគណៈកម្មការជាតិលំហរសមុទ្របានឲ្យដឹងថា នាវាចម្បាំងទាំង៣គ្រឿង ដែលចូលសំចតនៅកម្ពុជា នេះរួមមាន៖ LIUZHOU លេខ ៥៧៣, SANYA លេខ ៥៧៤ និង QINGHAIHU លេស ៨៨៥។ នាវានីមួយៗ មានប្រវែងជាង ១៣០ម៉ែត្រ ដល់ជាង១៩១ម៉ែត្រ និងទម្ងន់ជាង បីពាន់តោន រហូតដល់ជិត ៤ពាន់តោន។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងទៀតថា នាវា និងកងទ័ពជើងទឹកចិន នឹងមកសំចតនៅកម្ពុជារយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អំឡុងពេលសំចតនៅកម្ពុជានេះ កងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិន និងធ្វើលំ ហាត់ហ្វឹកហ្វឺនរួមគ្នា លើវិញ្ញាសារមួយចំនួន ផ្នែកសង្រ្គោះបន្ទាន់ទាំងនៅលើទឹក និង នៅលើគោក នៅតំបន់សមុទ្រខេត្តព្រះសីហនុ ក្នុងចន្លោះកោះតាង កោះរ៉ុងសន្លឹម និង កោះឬស្សី នៅថ្ងៃទី២៤ ខែកុម្ភៈ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានហៅការមកដល់របស់នាវា និងកងទ័ពជើងទឹកចិននេះថា គឺជាការពង្រីក និងពង្រឹងបន្ថែមលើវិស័យការពារជាតិ រវាងកងទ័ពកម្ពុជា និងកងទ័ពចិន។
សូមបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ នាវាស្វ័យការពារជើងទឹករបស់ជប៉ុន ជាមួយកងទ័ពជាង ៦០០នាក់ ក៏បានចូលមក សំចតនៅដែនសមុទ្ររបស់កម្ពុជាផងដែរ ហើយពួកគេទើបនឹងចាកចេញទៅវិញកាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅនេះ។ ក្នុងពេល សំចតនៅដែនសមុទ្រកម្ពុជារយៈពេល ៤ថ្ងៃ កងទ័ពជើងទឹកជប៉ុន និងកងទ័ពជើងទឹកកម្ពុជា បានជួបសំណេះសំណាល និងសិក្សា ដកស្រង់បទពិសោធន៍ជាមួយគ្នាមួយចំនួនផងដែរ៕