(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានថ្លែងថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តក្នុងការជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។
លោកស្រីថ្លែងបែបនេះក្នុងឱកាសតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបប្រជុំពិនិត្យ និងពិភាក្សា ជាមួយលោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នាទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា អំឡុងពេលមានវិបត្តិកូវីដ១៩នេះ អំពើជួញដូរមនុស្សចាប់ផ្តើមកម្រើកឡើងមិនថានៅប្រទេសណានោះទេ ក្នុងនោះកម្ពុជាក៏មានបញ្ហានេះកើតឡើងផងដែរ។ លោកស្រីថា នៅកម្ពុជាសកម្មភាពសម្តែងអំពើជួញដូរមនុស្សអំឡុងពេលវិបត្តិកូវីដ១៩នេះ មាន២មុខសញ្ញា គឺទី១៖ ការនាំមនុស្សចេញឆ្លងដែនដោយខុសច្បាប់ ដោយមានគោលដៅ និងធ្វើការកេងប្រវ័ញ្ច និងទី២គឺ៖ ការនាំមនុស្សទៅរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។
បើតាមលោកស្រី ជូ ប៊ុនអេង, ឯកអគ្គរដ្ឋទូតអាមេរិក បានសម្តែងការកោតសរសើរលើការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដែលធ្វើឲ្យសហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងការធ្វើសកម្មភាពនេះបន្ថែមទៀត។ លោកស្រីបន្តថា ជាទូទៅជំនួយលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់អាមេរិកមកកម្ពុជា ធ្វើឡើងតាមរយៈអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែលោកស្រីចាត់ទុកថា ជំនួយនេះក៏បានរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឲ្យកាន់តែល្អទៀតផង។
លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក មើហ្វី បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តនៅក្នុងការចំណាយថវិកាសម្រាប់ការគាំទ្រ ទៅដល់ប្រទេសនានា (មានកម្ពុជាផងនោះ) ដែលប្តេជ្ញាចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ គ្រាន់តែថាអ្វីដែលជាជំនួយរបស់គាត់ឲ្យផ្ទាល់ទៅអង្គការដៃគូ»។
គួរជម្រាបថា យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផល នៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន នៅឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។
សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ ឃាត់ខ្លួនបានជនសង្ស័យចំនួន ២២៩ លើ២២៤នាក់ ក្នុងនោះមានស្ត្រី ៧២នាក់ ក្នុងនោះជនសង្ស័យជាអនីតិជន ចំនួន ១១នាក់ និងជនបរទេសចំនួន ៤០នាក់ មាន៧សញ្ជាតិ។ សង្គ្រោះជនរងគ្រោះបានចំនួន ៤៥៦ លើ២៣០នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១៤១នាក់អាយុ ១៥ ដល់១៧ឆ្នាំ មាន៥៥នាក់ និងអាយុ ១៨ឆ្នាំឡើងទៅ ២៦០នាក់ (ប្រគល់ជូនមន្ទីរសង្គមកិច្ចចំនួន ១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញចំនួន ២៩១នាក់)៕