(កែប)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ស្អែកនេះ ប្រជាពលរដ្ឋប្រមាណជា៥០០នាក់នៅខេត្តកែប នឹងទទួលបានជាអំណោយជាសម្ភារមួយចំនួន និងថ្នាំពេទ្យព្យាបាលជំងឺប្រចាំកាយ ដោយឥតគិតថ្លៃ រួមជាមួយនឹងការអប់រំ និងផ្សព្វផ្សាយ ពីវិធីសាស្ត្រការពារខ្លួនពីជំងឺកូវីដ១៩ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។
ការផ្តល់ជាអំណោយសម្ភារមួយចំនួន និងថ្នាំសង្កូវដោយឥតគិតថ្លៃ រួមនឹងការអប់រំផ្សព្វផ្សាយពីវិធីសាស្ត្រការពារខ្លួនពីជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ពីសំណាក់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន វង្ស ភូមិដំណាក៎ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដោយមានការដឹកនាំដោយ លោក លេង ផាលី ប្រធានប្រតិបត្តិនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារប្រមាណ៣១៥នាក់ផ្សេងទៀតផងដែរ។
សូមជម្រាបថា អំណោយ និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺប្រចាំការ និងការចុះផ្សព្វផ្សាយជូនអំពីវិធីសាស្ត្រទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅខេត្តកែប ប្រមាណទាំង៥០០នាក់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេង នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។
មិនថារដូវប្រាំង មិនថារដូវវស្សា ឆ្ងាយ ឬជិត ទោះជាការងារមមាញឹករវល់យ៉ាងណាក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងឈ្លាសវៃ និងប្រកបដោយថាមពលរបស់លោក ហ៊ុន ម៉ានី មិនដែលព្រងើយកន្តើយ ឬភ្លេចពីសុខទុក្ខបងប្អូនជនរួមជាតិឡើយ។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនជានេះជាលើកទី២៧០លើកហើយ ក្នុងការជួយសង្គ្រោះអ្នកជំងឺ និងបន្តការអប់រំពីវិធីសាស្ត្រការពារខ្លួនពីជំងឺកូវីដ១៩៕