(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយសមាជិករបស់ខ្លួនមួយចំនួនផងនោះ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញទស្សនកិច្ចនៅទីស្នាក់ការថ្មីរបស់អង្គភាពព័ត៌មាន Fresh News ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្តមានរបស់លោក គី តិច និងសមាជិក ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកនៅទីស្នាក់ការកណ្តាលរបស់អង្គភាពព័ត៌មាន Fresh News និងអញ្ជើញទស្សនាក្នុងការិយាល័យ និងបង្ហាញពីការងារនៅក្នុងអង្គភាព។ បន្ទាប់ពីការអញ្ជើញទស្សនកិច្ច និងស្វែងយល់ពីដំណើរការផលិតព័ត៌មានរបស់អង្គភាពហើយនោះ លោក គី តិច និងសមាជិក ព្រមទាំងលោក លឹម ជាវុត្ថា និងថ្នាក់ដឹកនាំអង្គភាព។
ជាកិច្ចស្វាគមន៍លោក លឹម ជាវុត្ថា បានគោរពថ្លែងអំណរគុណដល់លោកប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងសមាជិក ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញទស្សនកិច្ចការិយាល័យអង្គភាពព័ត៌មាន Fresh News។ ជាពិសេសតែងផ្តល់នូវកិច្ចសហការផ្តល់នូវព័ត៌មានផ្សេងៗ ពាក់ព័ន្ធរឿងក្តីរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។
លោក គី តិច បានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះភាពប៉ិនប្រសប់នៃការដឹកនាំរបស់លោក លឹម ជាវុត្ថា និងថ្នាក់ដឹកនាំអង្គភាព ដែលបានដឹកនាំអង្គភាពឱ្យរីកចម្រើន និងមានប្រជាប្រិយភាពឆាប់រហ័សនៅកម្ពុជា។ លោក គី តិច ក៏បានកោតសរសើរពីការរៀបចំការិយាល័យផ្តល់នូវបរិយាកាសល្អ សម្រាប់ការបម្រើការងាររបស់បុគ្គលិក។
ក្នុងឱកាសនេះលោក គី តិច ក៏បានកោតសរសើរចំពោះការបំពេញការងាររបស់អង្គភាពព័ត៌មាន Fresh News។ លោក គី តិច បានហៅការផ្តល់ព័ត៌មានរបស់ Fresh News គឺជាព័ត៌មានបង្ហាញការពិតពីមាតុភូមិកម្ពុជា។ «ខ្ញុំសូមកោតសរសើរព័ត៌មាន Fresh News។ Fresh News ជាព័ត៌មានមួយ ដែលបានបង្ហាញនូវការពិតរបស់មាតុភូមិកម្ពុជាទៅកាន់ពិភពលោក»។ នេះជាការបញ្ជាក់របស់លោក គី តិច។
សូមបញ្ជាក់ថា ទីស្នាក់ការកណ្តាលថ្មីផ្ទាល់ខ្លួនជាលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០។ អគារការិយាល័យថ្មីផ្ទាល់ខ្លួនដំបូងក្រោយអង្គភាពព័ត៌មាន Fresh News បដិសន្ធិឡើងជិត៦ឆ្នាំនេះ មានកម្ពស់ ៤ជាន់ ចែកចេញជាបន្ទប់សម្រាប់ផលិតព័ត៌មានវីដេអូ, បន្ទប់ថតកម្មវិធីសិល្បៈ, កន្លែងផលិតព័ត៌មាន, បន្ទប់ផ្ទុកទិន្នន័យ (Data Center), បន្ទប់ប្រជុំ, កន្លែងអានសៀវភៅ, កន្លែងហាត់ប្រាណ, កន្លែងពិសារកាហ្វេ, អាហារដ្ឋាន និងមានកន្លែងសម្រាប់រៀបចំពិធីជប់លៀងផងដែរ។
ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអារម្មណ៍របស់បុគ្គលិកនោះ លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ជាសហស្ថាបនិក បានផ្ទិតផ្ចង់ជាខ្លាំងលើការរចនាអគារទាំងផ្ទៃខាងក្នុង និងខាងក្រៅឱ្យមានសោភ័ណភាព និងការទាក់ទាញ។ បរិវេណអគារត្រូវបានរៀបចំដោយរំលេចដោយរុក្ខជាតិមួយចំនួន ហើយក៏មានកន្លែងសម្រាប់បុគ្គលិកលំហែអារម្មណ៍ផងដែរ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយការងារ៕