(ភ្នំពេញ)៖ ខ្សែភាពយន្តឯកសារចិន រឿង «កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន» ត្រូវបានចាក់បញ្ចាំងដំបូងគេនៅកម្ពុជា នាថ្ងៃ២២ ខែមករា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ ភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៥ ។

ការដំណើរការព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥» ត្រូវបានរៀបចំឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋចិនប្រចាំនៅកម្ពុជា។

ខ្សែភាពយន្តឯកសារចិនបញ្ចូលសម្លេង ជាភាសាខ្មែរចាក់បញ្ចាំងដំបូងគេនៅកម្ពុជា មានចំណងជើងថា «កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន»។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា ៤ឆ្នាំកន្លងមកព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម» ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពី បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយបានចូលរួមទស្សនាយ៉ាងច្រើនកុះករ រាល់ការដាក់បញ្ចាំងភាពយន្តចិន-ខ្មែរ នៅតាមតំបន់នានា ក្នុងរាជធានីខេត្តក្រុងនីមួយៗ។

លោកស្រីបន្ដថា អ្វីដែលអាចទាក់ទាញឱ្យប្រជាជនខ្មែរ និយមទស្សនាខ្សែភាពយន្តចិន ក៏ព្រោះតែប្រទេសទាំងពីរ មានចំណងមិត្តភាពជាច្រើនជំនាន់មកហើយ រីឯវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ជំនឿ និងផ្នត់គំនិតទៀតសោត ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា។ នេះជាមូលហេតុធ្វើឱ្យខ្សែភាពយន្ត ក៏ដូចជាសិល្បៈ និងវប្បធម៌របស់ចិន បានឆក់យកដួងចិត្តរបស់ប្រជាជនខ្មែរឱ្យចូលចិត្ត និងគាំទ្រយ៉ាងខ្លាំង។

លោកស្រីបន្ដថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន- កម្ពុជាដ៏ឆ្នើម» នេះជាស្ពានដែលបានភ្ជាប់រវាងប្រជាជនទាំងពីរ និងធ្វើឱ្យចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។ ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥» លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើម ដែលរួមមានខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តចិន បញ្ចូលសម្លេងជាភាសាខ្មែរ ដូចជារឿង កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅអ៊ូហាន, អ្នកក្លាហានដំបងបិសាច, ក្ដីស្រមៃយុវជនចិន វគ្គ២ និងម្ចាស់របាំងមុខ ជាដើម។

លោក Wang Wentian ថ្លែងថា ការផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាងចិន និងកម្ពុជា បានបង្កើតជាស្ពានទំនាក់ទំនង និងចំណងមិត្តភាពដ៏អស្ចារ្យ សម្រាប់ប្រជាជនទាំងពីរប្រទេស។ បច្ចុប្បន្នប្រទេសទាំងពីរ កំពុងតែជំរុញយ៉ាងសកម្ម ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ចិន និងកម្ពុជា បានស្វាគមន៍ជាមួយឱកាសនៃការអភិវឌ្ឍដ៏មានតម្លៃបំផុត។

លោកបន្តថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម» នេះបានក្លាយជាគម្រោងសកម្មភាពមួយ សម្រាប់ការលើកកម្ពស់កិច្ចផ្សារភ្ជាប់ដួងចិត្តនៃ ប្រជាជនទាំងពីរ ហើយទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី បងប្អូនប្រជាជនកម្ពុជានៅតាមបណ្ដាខេត្ត និងតំបន់នីមួយៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះជាលើកទី៥ហើយ នៃព្រឹត្តិការណ៍ដំណើរ ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ដោយសង្ឃឹមថា ខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនេះ មិនត្រឹមតែជំរុញការស្វែងយល់ អំពីវប្បធម៌ចិន ជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែក៏ជួយលើកកម្ពស់វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ឱ្យកាន់តែសម្បូរបែបដែលស្ថិតក្រោម ស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ ផងដែរ។

សូមជម្រាបថា ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះ នឹងត្រូវយកទៅចាក់បញ្ចាំង នៅតាមសាលារៀន ទីប្រជុំជន និងបន្ទាយកងទ័ពជាដើម នៅតាមបណ្ដារាជធានីខេត្ត និងក្រុងនានាដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៥» នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជា ដែលបង្កើតឡើងនៅកម្ពុជា ដោយស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិន គ្រុប៕