(ស្វាយរៀង)៖ អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទា និងក្រុងបាវិតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ រួមមាន អភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស លោកមេភូមិ អនុភូមិ និងជំនួយការភូមិ ចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រជួសជុលផ្លូវក្រាលថ្មមិចប្រវែង១១០០ម៉ែត្រ ចាប់ពីកែងភូមិខាងជើងឃុំសំរោង កាត់តាមភូមិបារាយណ៍ ភូមិស្វាយគុយឃុំសំរោង ដល់កែងភូមិបន្លាស្អិត ឃុំច្រេស ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក។
ការងារនេះមានការជួយឧបត្ថម្ភថវិកាពីនាយឧត្តមសេនីយ៍ ម៉ឹង សំផន រួមនិងថវិកា ព្រះសង្ឃ និងសប្បុរសជននានាទាំងក្នុងស្រុកចន្ទ្រា។
លោក ថន ថាវុទ្ទា បានផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាល លោកប្រធានក្រុមការងារចុះជួយស្រុក និងលោកអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
អភិបាលស្រុក បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅអមសងខាងផ្លូវត្រូវជួយថែរក្សាផ្លូវទៅបានល្អមិនអនុញ្ញាតឱ្យចាក់ដីខ្ពស់ជាងផ្លូវទេ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺកូវីដនេះ៕