(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលា ស្តីពី ការដាក់លិខិតប្រកាសតាមប្រព័ន្ធ អនឡាញ (E-filing) ជូនសមាជិកសមាគមសភាពាណិជ្ជកម្ម កម្ពុជា-ជប៉ុន (JBAC) នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែម ដើម្បីយល់ដឹងកាន់តែច្បាស់ ក្នុងការដាក់លិខិតប្រកាសពន្ធ តាមប្រព័ន្ធអញឡាញនេះ ដោយមានការធ្វើ បទបង្ហាញយ៉ាងលម្អិតអំពីការប្រើប្រាស់ប្រព័ន្ធ ដែលអាចឲ្យសហគ្រាស យកទៅអនុវត្តក្នុងការបំពេញកាតព្វកិច្ច សារពើពន្ធប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពន្ធដារ។
តាមរយៈសិក្ខាសាលានេះ គឺបានផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់ដល់សិក្ខាកាម ក្នុងការសិក្សាស្វែងយល់អំពីទំនើបកម្មពន្ធដារ និងបច្ចុប្បន្នភាពនៃមុខងារសំខាន់ៗ នៃប្រព័ន្ធ E-Filing ដែលបានដាក់ឲ្យប្រើប្រាស់ជំនួសប្រព័ន្ធ E-VAT។
ការប្រើប្រាស់ប្រព័ន្ធ E-Filing នេះទៀតសោត ក៏បានផ្តល់នូវជម្រើសជូនអ្នកជាប់ពន្ធ ក្នុងការបង់ប្រាក់ពន្ធតាមអនឡាញ ឬនៅតាមបណ្តាធនាគារពាណិជ្ជ ដែលជាដៃគូ របស់អគ្គនាយកដ្ឋានពន្ធដារ និងមិនចាំបាច់ ដាក់លិខិតប្រកាសពន្ធដោយផ្ទាល់ជាមួយមន្ត្រីពន្ធដារទៀតនោះឡើយ ដែលបានចូលរួមចំណែកទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជុំវិញពិភពលោក។
បន្ថែមពីនេះ អគ្គនាយកដ្ឋាន ក៏បានធ្វើការបង្ហាញពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការប្រកាសពន្ធអាជីវកម្ម តាមអនឡាញ (E-Filing for Windows Desktop Application) សម្រាប់សហគ្រាស ដែលបានជាវយកទៅប្រើប្រាស់ ដើម្បីសំរួលដល់ការដាក់លិខិតប្រកាសពន្ធផងដែរ៕