(ព្រៃវែង)៖ អាគារមួយខ្នងមាន៣បន្ទប់ ក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងធំ ស្ថិតនៅភូមិ ត្រពាំងធំ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក បេ ទាឡេង ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ជាអនុប្រធានក្រុមការងារ ចុះជួយស្រុកមេសង និងជាប្រធានក្រុមការងារ ចុះជួយឃុំអង្គរសរ និងលោក អ៊ុច ពង្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកមេសាង ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ School Aid Japan។
ក្នុងឱកាសនេះ លោកប្រធាន បានដឹកនាំក្រុមការងារ ចុះជួយឃុំអង្គរសរ ដើម្បីពិនិត្យការដ្ឋានសាងសង់អាគារសិក្សាថ្មីមួយខ្នងទៀត នៅភូមិសូរ ឃុំអង្គរសរ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ School Aid Japan ដែលជាលទ្ធផលនៃការផ្តួចផ្តើមគំនិត និងកិច្ចខិតខំប្រឹងប្រែង របស់លោក បេ ទាឡេង និងលោក អ៊ុច ពង្ស ក្នុងស្វែងរកដៃគូរអភិវឌ្ឍន៍ ក្នុងមូលដ្ឋានឃុំអង្គរសរ។
លើសពីនេះទៅទៀត គណៈអធិបតី ក៏បានចុះប្រគល់ផ្ទះមួយខ្នង ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ នៅភូមិសូរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ក្រោមការឧបត្ថមដោយលោក បេ ទាឡេង, លោក អ៊ុច ពង្ស ក្រុមការងារ ចុះជួយឃុំអង្គរសរ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស ជូនថវិកាលោកគ្រូ-អ្នកគ្រូ សាលាបឋមត្រពាំងធំ និងផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋក្រីក្រ មួយគ្រួសារនៅភូមិសូរ ឃុំអង្គរសរ៕