(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅ លោក ម៉ក់ ហឺន អ្នកវិភាគតាមបណ្តាញសង្កមនៅក្រៅប្រទេសថា «បើលោកមិនស្គាល់ ហ៊ុន សែន ប្រៀបដូចខ្មែរមិនស្គាល់ស្ករត្នោត»។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសសម្ពោធអគារថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែផ្តាំទៅលោកពូថា បើសិនជាលោកពូ មិនស្គាល់ ហ៊ុន សែន ទេស្មើនឹងខ្មែរមិនស្គាល់ស្ករត្នោត ព្រោះអ្វីៗ ហ៊ុន សែន មានវត្តមានទាំងអស់ ចារជាប្រវត្តិតែម្តង ហើយបើនិយាយពីឈ្មោះរណសិរ្យវិញ គឺ ហ៊ុន សែន អ្នកបង្កើត»។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក ម៉ក់ ហឺន បានចេញវីដេអូឡាយ ដោយនិយាយរៀបរាប់អំពីប្រវត្តិសាស្រ្តកម្ពុជា នៅពេលរួមកម្លាំងផ្តួលរំលំប៉ុលពត។ ក្នុងពេលរៀបរាប់នោះ លោក ម៉ក់ ហឺន បានសម្តែងការងឿងឆ្ងល់ ដោយមិនដឹងថា សម្តេចតេជោ ហ៊ុន សែន ចេញពីកន្លែងណាមកដោយសារតែលោក ស្គាល់តែសម្តេច ហេង សំរិនប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «លោកពូ ម៉ក ហឺន មិនបានស្ថិតនៅក្នុង "អាល្ងង់ទូ" ទេដោយសារលោកពូវិភាគដោយផ្អែកតាមលក្ខណៈប្រវត្តិសាស្រ្តរបស់វា។ ខ្ញុំប្រើវិធីសាស្រ្ត៣ ទី១៖ ប្រវត្តិសាស្រ្ត ទី២៖ វិចារវិជ្ជា និងទី៣៖ កត្តវិជ្ជា។ ជាធម្មតា ហ៊ុន សែន ប្រើប្រាស់វិធីសាស្រ្ត៣ ដើម្បីវាយតម្លៃនិងព្យាករណ៍សភាពការណ៍ នៅពេលខាងមុខ»។
សម្តេចបានផ្តាំទៅ លោក ម៉ក់ ហឺន ដែរថា មានឃ្លីបមួយនោះ លោកបាននិយាយខុសដែលថា សម្តេច និង សម្តេច ហេង សំរិន ទាល់ច្រក ហៀបនឹងត្រូវប៉ុលពតខ្វៃ(សម្លាប់)ហើយ ទើបបានរត់គេច។ សម្តេចបញ្ជាក់ថា «ចំណុចនេះ សូមលើលោកពូ ញែកឱ្យដាច់ ខ្ញុំ ជាមួយសម្តេចហេង សំរិន អត់នៅជាមួយគ្នាទេ»។ សម្តេចបញ្ជាក់ថា សម្តេចបានចេញកសាងកងទ័ព ២០ មិថុនា ១៩៧៧ ហើយសម្តេច ហេង សំរិន ១៩៧៨ មួយឆ្នាំក្រោយ។ ខ្ញុំជាស្ថាបនិក នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គោះជាតិកម្ពុជា។ «ខ្ញុំមិនមែនស្ថិតនៅក្នុងភាពទ័លច្រកទេ គឺជាអ្នកស្វែងរកផ្លូវសង្គ្រោះជាតិ»។
សម្តេចបានថ្លែងទៀតថា៖ ចំណុចទី២ លោកពូ ម៉ក់ ហឺន បានលើកឡើងថា សម្តេច ហ៊ុន សែន មិនដឹងជាចេញមកពីទីណា ដល់ពេលអាយុជាង២០ហើយ បានគេស្គាល់។ «ខ្ញុំគ្រាន់តែផ្តាំទៅលោកពូថា បើសិនជាលោកពូ មិនស្គាល់ ហ៊ុន សែន ទេស្មើនឹងខ្មែរមិនស្គាល់ស្ករត្នោត ព្រោះអ្វីៗ ហ៊ុន សែន មានវត្តមានទាំងអស់ ចារជាប្រវត្តិតែម្តង ហើយបើនិយាយពីឈ្មោះរណសិរ្យវិញ គឺ ហ៊ុន សែន អ្នកបង្កើត»។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានទទួលយកការវិភាគរបស់ លោក ម៉ក់ ហឺន ដោយសារតែលោកនិយាយត្រង់ និយាយត្រូវភាគច្រើន ហើយសម្តេចបានប្រកាសអញ្ជើញ លោក ម៉ក់ ហឺន មកលេងកម្ពុជា ដោយសម្តេចជាអ្នកចេញថ្លៃសំបុត្រយន្តហោះផងដែរ៕