(តាកែវ)៖ បន្ទាប់ពីមានការតវ៉ាពីក្រុមអាជីវករលក់ដូរ នៅក្នុងវិទ្យាល័យ ជា ស៊ីម តាកែវ ដែលមានទីតាំងស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ កាលពីម្សិលមិញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងដូនកែវ ដឹកនាំដោយលោក កង អាណាន់ និងប្រធានមន្ទីរអប់រំខេត្ត ដឹកនាំដោយលោក ឡោ វិរិទ្ធ បានចុះមកដោះស្រាយដល់វិទ្យាល័យជាស៊ីម ដោយបានជួបគ្រប់ជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមអាជីវករតវ៉ា ដើម្បីជជែកដោះស្រាយរកលទ្ធផលមួយដែលអាចទទួលយកបានទាំងអស់គ្នា។
នៅក្នុងការចុះទៅដោះស្រាយរបស់លោកអភិបាលក្រុងដូនកែវ និងប្រធានមន្ទីរអប់រំ បានសម្រេចឱ្យក្រុមអាជីវករលក់ដូរនៅវិទ្យាល័យជាស៊ីមទាំងអស់ បន្តលក់ដូរមួយឆ្នាំទៀត ហើយនៅឆ្នាំក្រោយ និងមានការពិភាក្សាគ្នាសាងសង់ តូបលក់ជុំគ្នា ដើម្បីធ្វើយ៉ាងណាសំអាតអនាម័យបរិស្ថាន នៅក្នុងសាលាឱ្យបានល្អប្រសើរម្យ៉ាងទៀត ការដោះស្រាយសុំលក់បន្តមួយឆ្នាំនេះ អាជ្ញាធរក្រុង និងមន្ទីរអប់រំខេត្ត មានការយោគយល់ដល់អាជីវករដែលកាលពីឆ្នាំទៅ មិនបានលក់ដូរដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ ដែលនាំឱ្យការបិទសាលារយៈពេលជិតមួយឆ្នាំ។
តាមរយៈការចុះដោះស្រាយប្រកបដោយស្មើភាព របស់អាជ្ញាធរក្រុង ក្រុមអាជីវករទាំងអស់ បានសម្ដែងសាទរនឹងដឹងគុណចំពោះលោកអភិបាលក្រុង និងប្រធានមន្ទីរអប់រំខេត្ត ជាពិសេសលោកអភិបាលខេត្តតាកែវ អ៊ូច ភា ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រជាពលរដ្ឋដែលជួបការលំបាកមិនមានលទ្ធភាពក្នុងការរកលុយជិត ២ពាន់ដុល្លារ សម្រាប់ទិញតូបដែលនៅសាលាតម្រូវឱ្យបងប្អូនទិញ៕