(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា អំពីការពិភាក្សាជាមួយអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ម្សិលមិញ ដោយក្នុងកិច្ចពិភាក្សានេះ សម្ដេចបានចោទសួរមិត្តចិន អំពីលទ្ធភាពក្នុងការផ្ដល់វ៉ាក់សាំងដល់ប្រទេសកម្ពុជាបន្ថែមទៀត។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសសម្ពោធអគារថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។
កម្ពុជាត្រូវបានរដ្ឋាភិបាលចិន សម្រេចផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដុស ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។ វ៉ាក់សាំងចំនួនមួយលានដុសនេះ អាចចាក់ជូនប្រជាពលរដ្ឋបានត្រឹមតែ ៥០ម៉ឺននាក់ប៉ុណ្ណោះ ខណៈដែលកម្ពុជា កំពុងត្រូវការវ៉ាក់សាំងបន្ថែម ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន តាមរយៈអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានស្នើសុំជំនួយវ៉ាក់សាំងពីរដ្ឋាភិបាលប្រទេសឥណ្ឌាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ក្នុងស្ថានភាពនេះ យើងមិនអាចរង់ចាំតទៅទៀតទេ យើងត្រូវទាក់ទងរកវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋយើងឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត»។ រហូតមកដល់ពេលនេះ មានប្រទេសជាច្រើនបានផលិតវ៉ាក់សាំងកូវីដ១៩ ដោយជោគជ័យ ប៉ុន្តែវ៉ាក់សាំងទាំងនោះ មិនទាន់ទទួលស្គាល់ជាផ្លូវការដោយ អង្គការសុខភាពពិភពលោក (WHO) នៅឡើយទេ។ ចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ១៩ ចំនួន២ ប្រភេទនោះគឺ ស៊ីណូវ៉ាក់ ផលិតដោយក្រុមហ៊ុនឯកជន និងស៊ីណូហ្វាម ផលិតដោយរដ្ឋាភិបាលចិន។
សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖ «យើងនឹងប្រើទាំងពីរទាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់»។ ក្រៅពីលើកឡើងអំពីការស្នើសុំជំនួយវ៉ាក់សាំងពីប្រទេសមួយចំនួននេះ សម្ដេចតេជោហ៊ុនសែនក៏បានលើកឡើងអំពីជំនួយវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានពី COVAX ផងដែរ។ យើងនឹងទទួលតាមរយៈ COVAX ដែលនឹងផ្តល់ឱ្យយើងនៅអំឡុងខែមីនា ខាងមុខនេះ។ ខូវ៉ាក់អាចទិញវ៉ាក់សាំងចិន កូរ៉េ អង់គ្លេស និងអាមេរិក ហើយនឹងផ្តល់ឱ្យកម្ពុជា២០ភាគរយ នៃប្រជាជនទាំងអស់»។ នេះបើតាមការបញ្ជាក់ពីសម្ដេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហានបន្ទាន់ដំបូងខូវ៉ាក់ នឹងផ្តល់ឱ្យត្រឹមតែ៣ភាគរយសិនប៉ុណ្ណោះ។ សម្រាប់វ៉ាក់សាំង SinoPharm ដែលរដ្ឋាភិបាលចិនផ្ដល់ជូនកម្ពុជាចំនួន ១លានដូសនោះ នឹងមកដល់កម្ពុជា នៅខែកុម្ភៈ ខាងមុខនេះ ហើយសម្តេចបញ្ជាក់ទៀតថា នឹងចេញទទួលវ៉ាក់សាំងនេះដោយខ្លួនឯង៕