(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា តាមការរំពឹងទុករបស់អង្គការដៃគូ ក៏ដូចជាអង្គការសុខភាពពិភពលោក បានសហការជាមួយកម្ពុជា រួមគ្នាកាត់បន្ថយអត្រាឆ្លងថ្មីនៃជំងឺរលាកថ្លើមដោយសារវីរុស B និង C រហូតដល់៩០% និងអត្រាមរណភាព៦៥% នៅឆ្នាំ២០៣០។
តាមរយៈផែនការយុទ្ធសាស្រ្តជាតិ កម្ពុជាបានបេ្តជ្ញាចូលជាមួយអង្គការដៃគូ ដើម្បីសម្រេចឱ្យបាន នូវការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទ B និង C កុំឱ្យមានការរាតត្បាតបន្ដទៀត ដែលជាការគំរាមកំហែងសុខភាពសាធារណៈ។
ការថ្លែងបែបនេះ របស់លោកស្រី យក់ សម្បត្ដិ ក្នុងពិធីពិគ្រោះយោបល់ ស្តីអំពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ និងហិរញ្ញប្បទាន សម្រាប់កម្មវិធីឆ្លើយតប ជំងឺរលាកថ្លើមដោយសារវីរុស (B និង C ២០២០-២០២៤) ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ នាភោជនីយដ្ឋានទន្លេបាសាក់២។
លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ក្រសួងសុខាភិបាលក៏បានចាត់ទុក ការឆ្លើយតបជំងឺរលាកថ្លើមប្រភេទ B និង C ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពដទៃទៀត ដូច្នេះខ្ញុំសូមលើកទឹកចិត្ដ ឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ពង្រឹងការស្រាវជ្រាវបន្ដទៀត ដើម្បីសម្រេចបានគោលដៅលុបបំបាត់ជំងឺរលាកថ្លើម នៅឆ្នាំ២០៣០»។
លោកស្រីបានបញ្ជាក់ថា តាមការប៉ាន់ស្មាននៅឆ្នាំ២០១៧ របស់អង្គការសុខភាពពិភពលោក នៅប្រទេសកម្ពុជា ចំនួនអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស B គឺ ៣% (៤៧៥,០០០នាក់) និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស C ១,៦% (២៥៧,០០០នាក់) ហើយដែលអាចមានផលប៉ះពាល់ ធ្ងន់ធ្ងរដូចជាជំងឺក្រិនថ្លើម និងមហារីកថ្លើម។
មហារីកថ្លើមមានប្រមាណ១៦% ក្នុងចំណោមជំងឺមហារីកទាំងអស់ ហើយមូលហេតុចម្បងបណ្តាលមក ពីជំងឺរលាកថ្លើមប្រភេទ បេ (៤៤,៣%) និងសេ (៤៣%)។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស២៥ ដែលមានអត្រាមហារីកថ្លើមខ្ពស់បំផុតក្នុងឆ្នាំ២០១៨ (មូលនិធិស្រាវជ្រាវជម្ងឺមហារីកអន្តរជាតិឆ្នាំ២០១៨)។
ចាប់តាំងពីឆ្នាំ២០០៥ កម្ពុជាបានប្រឹងប្រែង ផ្តល់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទ B ដល់ទារក និងកុមារ ហើយទទួលបានជោគជ័យដោយ បានកាត់បន្ថយអត្រាប្រេវ៉ាឡង់ ជំងឺរលាកថ្លើម C មកត្រឹម ០.៥៦% ក្នុងចំណោម ក្មេងអាយុ៥-៧ឆ្នាំ។ ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៦ អង្គការគ្រូពេទ្យ គ្មានព្រំដែនប្រទេសបារាំង (MSF-F) បានសហការជាមួយ ក្រសួងសុខាភិបាល ក្នុងការផ្តល់ការពិនិត្យ និងព្យាបាលដល់អ្នកជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ ដោយឥតគិតថ្លៃដោយ នៅមន្ទីរពេទ្យជាតិព្រះកុសុមៈ និងនៅខេត្ត បាត់ដំបង មានអ្នកជំងឺច្រើន ដែលមានអ្នកជំងឺជាង១៥,០០០នាក់ ត្រូវបានចាប់ផ្តើមព្យាបាល ដែលមានអត្រាជោគជ័យនៃការព្យាបាលប្រមាណ ៩៧%។
លោកស្រីថ្លែងបន្ដថា អ្នកផ្ទុកមេរោគ អេដស៍ ដែលឆ្លងជំងឺរលាកថ្លើមប្រភេទ សេ ក៏បានទទួលបានសេវាព្យាបាលជំងឺនេះ តាមរយៈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ (NCHADS)ផងដែរ ដែលគាំទ្រដោយមូលនិធិសកល។ ទោះបីដូច្នេះក៏ដោយ ការឆ្លើយតបទូទាំងប្រទេស ដោយការព្យាបាលជំងឺរលាកថ្លើមទាំងពីរនេះ មានកើតឡើងតែនៅមន្ទីពេទ្យជាតិ និងសេវាឯកជន ខ្លះៗប៉ុណ្ណោះ ដោយមិនទាន់បានគ្របដណ្តប់ ទូលំទូលាយជាពិសេសនៅថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេសនៅឡើយ។
ក្រសួងសុខាភិបាលកម្ពុជា បានប្តេជ្ញា និងធ្វើការជាមួយដៃគូអនុវត្តនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងជំងឺរលាកថ្លើមបង្កដោយសារវីរុស បេ និងសេ ដោយផ្ដោតលើចក្ខុវិស័យ៖ «គ្មានការឆ្លងមេរោគរលាកថ្លើមថ្មីនៅកម្ពុជា ដែលប្រជាជនដែលមានមេរោគរលាកថ្លើមរ៉ាំរ៉ៃ អាចទទួលបានសេវា ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំ ដោយមានប្រសិទ្ឋិភាព មានតម្លៃសមរម្យ និងមានគុណភាពល្អ»។
ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងសុខាភិបាល ដែលលមាននាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង (CDC) ជាសេនាធការ បានរៀបចំក្រុមការងារបច្ចេកទេស សម្រាប់ជំងឺថ្លើម ដែលត្រូវបានបង្កើតឡើងជាផ្លូវការ នៅដើមឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងជំងឺរលាកថ្លើម ដោយសារប្រភេទវីរុស នៅក្នុងប្រទេស។
សម្រាប់សមាជិកនៃក្រុម ការងារបច្ចេកទេស រួមមាន មកពីស្ថាប័នពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សាពិគ្រោះយោបល់ និងរៀបចំឱ្យមាន ផែនការយុទ្ធសាស្រ្តជាតិសម្រាប់ជំងឺរលាកថ្លើមប្រភេទវីរុសនៅកម្ពុជា ឆ្នាំ២០២០-២០២៤ គោលការណ៍ណែនាំ ការថែទាំនិងព្យាបាលអ្នកផ្ទុកវីរុសរលាកថ្លើមប្រភេទ B និង C ដែលបានអនុម័ត ដោយក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះ ឱសថព្យាបាលជំងឺរលាកថ្លើម ដោយវីរុស ប្រភេទ B និង C ក៏ត្រូវបានដាក់ចូលក្នងបញ្ជីឱសថសារវន្តឆ្នាំ២០១៨ ផងដែរ ហើយតម្លៃឱសថក៏បានបន្តធ្លាក់ចុះពី រាប់ពាន់ដុល្លារ មកប្រមាណ៦៨ដុល្លារ សម្រាប់ព្យាបាលរលាកថ្លើម C រយៈពេលបីខែ ដែលមានលក្ខណៈងាយស្រួល និងជាសះស្បើយ៩៥% និងប្រមាណ ៤២ដុល្លារក្នុងមួយឆ្នាំសម្រាប់ព្យាបាលរលាកថ្លើម បេ៕