(រតនគិរី)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌនិយ័តកម្មគោលការណ៍ណែនាំ ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី និងការប្រគល់ជនវិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពុជាដល់សមាជិក-សមាជិកាចំនួន ៣៧នាក់ ក្នុងនោះមកពីខេត្តមណ្ឌលគិរីចំនួន ៩នាក់ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី។
អង្គសិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ និងមានចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុង រតនាទី ប្រឹក្សាអមក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្ត លោក លី ច័ន្ទណារិទ្ធ ប្រធានគណៈឱសថការីខេត្ត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី និងបុគ្គលិកសុខាភិបាលជាច្រើនរូប។
ថ្លែងទៅកាន់សមាជិក-សមាជិកាអង្គសិក្ខាសាលាក្នុងឱកាសនោះដែរ លោក បាន បុត្តា បានបន្តថា ការអភិវឌ្ឍវិជ្ជជីវៈបន្តសម្រាប់ឱសថការី និងការប្រគល់ជូនវិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជាបានអនុវត្តន៍ឡើងអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជជីវៈឱសថសាស្ត្រអមវេជ្ជសាស្ត្រ ក្នុងគោលបំណងដើម្បីជុំរញការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងកំណត់និយាមអប្បរបរមា ដើម្បីស្នើសុំនឹងបន្តអាជ្ញាប័ណ្ណឱសថការីក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព។
លោក បាន បុត្តា បានសង្កត់ធ្ងន់ថា អង្គសិក្ខាសាលាផ្សព្វផ្សាយនៅពេលនេះ គឺពិតជាមានសារៈសំខាន់ដល់សមាជិក សមាជិកាគណៈឱសថការីកម្ពុជាទាំងអស់ក្នុងការអនុវត្តនូវកាតព្វកិច្ច និងត្រូវខិតខំអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន ដើម្បីបំពេញឲ្យបាននូវពិន្ទុសម្រាប់ទទួលបាននូវអាជ្ញាប័ណ្ណឱសថការីតាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តល់សេវាសុខាភិបាលទៅដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីលធ៌មបទដ្ឋានច្បាប់ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព៕