(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ចាប់ជនសង្ស័យបាន២នាក់ពាក់ព័ន្ធករណី រក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកអនុសេនីយ៍ឯក គឹម សាន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
កិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្រី១នាក់ ឈ្មោះ យ៉ ធីយៀប អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិឆ្លុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងឈ្មោះ ឡេ យ៉ាំងឡឺយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម (ប្តី)។ ពីរនាក់ប្ដីប្រពន្ធមានមុខរបរនេសាទត្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតវត្ថុតាងបាន ថ្នាំញៀនចំនួន៩កញ្ចប់ ស្មើនិង(១,៨៤ក្រាម) ទូរស័ព្ទដៃ ១គ្រឿង, ដាវ៣ដើម, ប្រាក់រៀលចំនួន២០លាន និង៣៥ម៉ឺនរៀល, ខ្សែកចំនួន២ខ្សែ ជាលោហធាតុពណ៌លឿង, ខ្សែដៃចំនួន ១ ខ្សែលោហៈធាតុពណ៌លឿង, ចិញ្ចៀនចំនួន៥វង់ លោ ហៈធាតុពណ៌លឿង, ក្រវិលចំនួន២វង់ លោហៈធាតុពណ៌ លឿង,(គ្រឿងអលង្ការ ទាំងអស់ខាងលើនេះគឺជារបស់កាឡៃ),និងសម្ភារៈវេចខ្ចប់ថ្នាំញៀន ឧបករណ៍ជក់មួយ ចំនួន។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាងសមត្ថកិច្ចបានកសាងឯកសារបញ្ជូនបន្តទៅតុលាការដើម្បីចំណាត់ការតាមផ្លូវច្បាប់៕