(ភ្នំពេញ)៖ រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២០ កុមារកម្ពុជាចំនួន ៥៣,២១០ នាក់បានទទួលការពិនិត្យសុខភាព និងព្យាបាលជំងឺផ្សេងៗពីក្រុមគ្រូពេទ្យចម្រុះកម្ពុជា-ចិន ពិសេសគឺជំងឺបេះដូងចំហ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ Yundi និងមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន សហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រមទាំងមានការគាំទ្រពីសំណាក់ព្រឹទ្ធសភាកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជាផងដែរ។
ស្ថិតិនេះត្រូវបានបង្ហាញឡើងនៅពិធីផ្សព្វផ្សាយចែករំលែកបទពិសោធន៍ នៃការជួយកុមារកម្ពុជាដែលបានបញ្ជូនទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហនៅប្រទេសចិនទទួលបានជោគជ័យ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមការគាំទ្រពីព្រឹទ្ធសភាកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា អង្គការ Yundi និងមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន។
ថ្លែងទៅកាន់អង្គពិធី លោក ជា មុនីឫទ្ធិ តំណាងអង្គការ YUNDI ប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងបេះដូងនៃក្តីស្រឡាញ់បានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្នុងការជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហចំនួន ១៥០នាក់ ទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន។ ក្នុងរយៈពេល៣ឆ្នាំមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន ក្រោមការសម្របសម្រួលពីអង្គការ YUNDI មន្ទីរពេទ្យបេះដូង FUWAI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបំពេញសកម្មនៅក្នុងរាជធានី-ខេត្តចំនួន ៩ ដែលបានពិនិត្យសុខភាពជូនដល់កុមារចំនួន ៥៣,២១០ នាក់។
លោកវេជ្ជបណ្ឌិត សុខ ផាន តំណាងមន្ទីរពេទ្យកាល់ម៉ែត បានសាទរនឹងលទ្ធផលនេះ ហើយបានប្តេជ្ញាបន្តការគាំទ្រ និងសម្របសម្រួលជូនដល់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជូនដល់ប្រជាជនកម្ពុជា។ លោកវេជ្ជបណ្ឌិតក៏សង្ឃឹមផងដែរថា តាមរយៈស្ថានទូតចិនប្រចាំកម្ពុជានឹងបន្តបង្កើនបរិមាណបន្ថែមទៀតជួយវះកាត់ និងព្យាបាលជំងឺបេះដូងចំហដល់កុមារកម្ពុជា និយាយដោយឡែក ជួយដល់ការបណ្តុះបណ្តាលជំនាញឯកទេសសរសៃឈាមបេះដូងជូនដល់គ្រូពេទ្យកម្ពុជា និយាយរួម ដើម្បីបង្កើនសមត្ថភាព និងចូលរួមជួយដល់កុមារកម្ពុជាដែលមានជំងឺនេះ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា គម្រោងនេះពិតជាអត្ថន័យដ៏ធំធេង ដែលមិនគ្រាន់តែជួយដល់កុមារកម្ពុជា និងក្រុមគ្រូពេទ្យកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានពង្រឹង និងពង្រីកចំណងទាក់ទងជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមមួយកម្រិតទៀត។
លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានព្រឹទ្ធសភាទី២ បានថ្លែងសារគន្លឹះដោយបានគូសបញ្ជាក់ថា ប្រទេសកម្ពុជានិងចិននឹងបន្តចែករំលែកផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងបន្តរួមសហគ្នានៅក្នុងសហគមន៍ជោគវាសនារួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ហើយលោកមានជំនឿយ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់នៃទំនាក់ទំនងរវាងប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ និងក្រោមកម្លាំងគាំទ្រពីស្ថាប័នពាក់ព័ន្ធនានា រួមទាំងស្ថានទូតចិនប្រចាំកម្ពុជា នោះកុមារកម្ពុជាដែលមានជំងឺបេះដូងកាន់តែច្រើននឹងត្រូវបានបញ្ជូនទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន ហើយមានសុខភាពល្អបរិបូរណ៍ដូចកុមារដទៃទៀតដែលជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សរបស់កម្ពុជា។
លោក ទេព ងន បានបន្ថែមថា មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន និងអង្គការអ៉ីនឌី បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសង្គមស៊ីវិលមួយរបស់ប្រទេសចិន ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៅកម្ពុជា លើការជួយលើកកម្ពស់សុខុមាលភាពជូនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន ជាពិសេសកុមារដែលមានជំងឺបេះដូងចំហ ហើយក៏បាននិងកំពុងពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រជាជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន លើវិស័យសុខាភិបាលស្របតាមគំនិតស្តីពីក្តីស្រឡាញ់ពីបេះដូង តាមរយៈការតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ ដែលនេះវាបានផ្លាស់ប្តូរមុខមាត់ថ្មីនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ លើផ្នែកសុខុមាលភាពប្រជាជនផងដែរ៕