(សៀមរាប)៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល ១០ គីឡូម៉ែត្រ។
ការបោះបង្គោលព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិលនេះធ្វើឡើងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ហើយមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចំនួន ៣០ បង្គោលហើយ ក្នុងនោះដែរអាជ្ញាធរជាតិអប្សរាក៏បានធ្វើកំណាយស្រាយជ្រាវដែរ ដើម្បីពិនិត្យមើលទីតាំងបុរាណដ្ឋាន និងវត្ថុបុរាណផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ និងការពារ។
អត្ថប្រយោជន៍ដ៏សំខាន់នៃការកំណត់បង្គោលព្រំការពារបុរាណដ្ឋាននេះ គឺដើម្បីការពារការរំលោភបំពានដីធ្លី ការបំផ្លាញលើបុរាណដ្ឋាន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់បានយល់ដឹងពីតំបន់ការពារ ចូលរួមការពារបុរាណដ្ឋានក្នុងមូលដ្ឋានរបស់ពួកគាត់ដោយសេចក្តីស្រឡាញ់ជាមួយអ្នកជំនាញ៕