(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនទិញត្រឹមតែវ៉ាក់សាំងចិនមកប្រើប្រាស់នោះទេ ប៉ុន្តែក៏ត្រៀមទិញពីកូរ៉េខាងត្បូង អង់គ្លេស ឥណ្ឌា និងអាមេរិកផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។
ក្នុងឱកាសនោះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជាក់ពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ ដោយបង្ហាញពីមូលហេតុដែលនាំឱ្យសម្តេចសម្រេចចិត្តទទួលវ៉ាក់សាំងពីប្រទេសចិននាពេលនេះ ទោះបីអង្គការសុខភាពពិភពលោក (WHO) មិនទាន់ប្រកាសជាផ្លូវការ។ សម្តេចបានថ្លែងថា ក្នុងអំឡុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ១៩នេះ គឺមិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងស្ម័គ្រចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីចិន និងជួបជជែកជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីជជែក និងរិះរកយន្តការទទួលបានវ៉ាក់សាំង។ តាមការជជែកនោះ កម្ពុជាទទួលជំនួយពីចិន ឬខ្ចីថវិកាចិន រួចទិញវ៉ាក់សាំងចិនទាំងពីរ គឺស៉ីណូហ្វាម និងស៉ីណូវ៉ាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មុននោះខ្ញុំបាននិយាយថា យើងទទួលយកតែវ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ប៉ុន្តែក្រឡេកទៅមើលម្ខាងទៀត ប្រទេសមួយចំនួនធំ បានប្រើប្រាស់វ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួន និងលក់វ៉ាក់សាំងចេញទៅក្រៅប្រទេស។ ដូច្នេះក្នុងស្ថានភាពបែបនេះ យើងមិនអាចរង់ចាំតទៅទៀតទេ»។
សម្តេចបន្តថា «ក្រៅពីនោះ ខ្ញុំក៏បានសរសេរលិខិតជូនទៅនាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីឲ្យពិចារណាពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា នៅពេលដែលឥណ្ឌាកំពុងតែប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ចាក់ឲ្យពលរដ្ឋរបស់ខ្លួន។ ខ្ញុំក៏កំពុងគិតថា តើគប្បីធ្វើលិខិតទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីស្នើសុំវ៉ាក់សាំងរបស់គាត់ ឬទេ ព្រោះគាត់ផលិតបា នហើយ ហើយខូវ៉ាក់ (COVAX) ក៏បានបញ្ជាទិញ ទៅកូរ៉េខាងត្បូងផងដែរ។ យើងក៏បានស្ទាប់ស្ទង់ពិភាក្សា ដើម្បីប្រើប្រាស់វ៉ាក់សាំងរបស់អង់គ្លេស ហៅថា អូស្ត្រាសេណេកាយូខេ ដែលរក្សាក្នុងសីតុណ្ហភាពពី ២ ដល់ ៨ អង្សាសេ ដោយប្រើប្រាស់នូវឥណទានធនាគារអភិវឌ្ឍន៍អាស៉ី។ ធនាគារអភិវឌ្ឍន៍អាស៉ី បានផ្តល់ថវិកាមួយចំនួនដល់យើង។ អញ្ចឹងយើងមានជម្រើសច្រើន នៅក្នុងបញ្ហាវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា វ៉ាក់សាំងស៉ីណូហ្វាមរបស់ចិន នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់អាកាសយាន្តដ្ឋានអន្តរជាតិតែម្តង។ សម្តេចតេជោ បន្តថា វ៉ាក់សាំងជំងឺកូវីដ១៩ គឺជាទំនិញយុទ្ធសាស្ត្រ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។ សម្តេច ចង់ឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនដើម្បីស្វែងរកអ្នកចង់ចាក់ និងអ្នកមិនចង់ចាក់ផងដែរ។
«មានវ៉ាក់សាំងចិន ហើយយើងនឹងទទួលតាមរយៈខូវ៉ាក់ ដែលនឹងផ្តល់ឲ្យយើងនៅក្នុងរង្វង់ខែមិនា ខាងមុខនេះ ប្រហែលជាអាចត្រឹមប៉ុណ្ណឹង។ ខូវ៉ាក់ អាចទិញវ៉ាក់សាំងពីចិន អាចទិញវ៉ាក់សាំងពីកូរ៉េ អាចទិញពីអង់គ្លេស អាចទិញពីអាមេរិក រួចហើយខូវ៉ាក់នឹងផ្តល់ឲ្យយើងស្មើនឹង ២០% នៃប្រជាជន ប៉ុន្តែភាពបន្ទាន់មកដល់ត្រឹមតែ ៣% ប៉ុណ្ណោះ»។ នេះបើតាមការបញ្ជាក់របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, ការចាក់វ៉ាក់សាំងនេះក៏នឹងផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគ ដោយមិនចាត់ទុកកម្ពុជា ជាប្រទេសគ្រោះថ្នាក់ដោយសារជំងឺកូវិដ១៩។ ការរកវ៉ាក់សាំងកូវីដ១៩ សម្តេចប្រើច្រក៣ រួមមាន៖ ទី១.ច្រកកូវ៉ាក់ ដែលជាច្រកអង្គការសុខភាពពិភពលោក, ទី២. ជាមួយប្រទេសជាមិត្ត និងទី៣. ចរចាផ្ទាល់ជាមួយក្រុមហ៊ុន។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្ជុលដូសទី១ នៃវ៉ាក់សាំងកូវីដ១៩ របស់ចិន គឺសម្តេចចាក់មុនគេ ហើយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត នឹងចាក់វ៉ាក់សាំងផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រោយពេលចាក់សម្តេចនឹងធ្វើសន្និសីទព័ត៌មានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន ៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រមូលសំរាម ក៏ត្រូវទទួលបានវ៉ាក់សាំងផងដែរ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បើតាមសម្តេចតេជោ ហ៊ុន សែន ជនអាទិភាពដែលនឹងត្រូវទទួលបានវ៉ាក់សាំងនោះ រួមមាន៖ អ្នកនៅជុំវិញព្រះមហាក្សត្រ, សម្តេចតេជោ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៉ីជាដើម។
ក្រោយការប្រកាសអំពីជំនួយវ៉ាក់សាំងកូវីដ១៩ពីប្រទេសចិន មានអ្នកវិភាគមួយចំនួន ដែលមាននិន្នាការប្រឆាំង បានរិះគន់ទៅលើការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។ យ៉ាងណាក៏ដោយ ក្នុងឱកាសសម្ពោធអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្តេចបានអះអាងថា កម្ពុជាមិនមែនទិញតែវ៉ាក់សាំងចិនទេ ប៉ុន្តែក៏ទិញពីកូរ៉េខាងត្បូង អង់គ្លេស ឥណ្ឌា និងអាមេរិកផងដែរ ហើយសម្តេចកំពុងរង់ចាំមើលថា តើមានការវិភាគអ្វីខ្លះពីបញ្ហានេះ៕