(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ នឹងត្រូវចាក់ជូនប្រជាពលរដ្ឋ៥០ម៉ឺននាក់ ខណៈម្ជុលវ៉ាក់សាំងទីមួយនឹងចាក់លើខ្លួន សម្ដេចផ្ទាល់ ព្រមទាំងធ្វើសន្និសីទសារព័ត៌មានភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង ដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់លើគុណភាពវ៉ាក់សាំងនេះ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន អគារទីស្តីការថ្មី និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ នឹងនាំយកពីប្រទេសចិនមកកាន់កម្ពុជា ហើយនឹងចាក់ជូនប្រជាពលរដ្ឋឱ្យបាន៥០ម៉ឺននាក់។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «មុនចូលឆ្នាំខ្មែរ កម្ពុជាត្រូវទទួលបាននូវការចាក់វ៉ាក់សាំងចំនួន ៥០ម៉ឺននាក់ ព្រោះនៅពេលខាងមុខ ៣០ម៉ឺនដូសនឹងមកដល់ សម្រាប់មនុស្ស ១៥ម៉ឺននាក់ ប៉ុន្តែមិត្តចិនកំពុងតែជំរុញ។ បើបាន ៦០ម៉ឺនដូស នៅខែកុម្ភៈ យើងនឹងចាក់បាន ៣០ម៉ឺននាក់ សល់ ៤០ម៉ឺនដុសទៀត នឹងចាក់ ២០ម៉ឺននាក់ ដូច្នេះមុនចូលឆ្នាំខ្មែរ គឺនឹងបាន៥០ម៉ឺននាក់»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលភាគីចិនបញ្ជូនវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ មកដល់កម្ពុជាភ្លាម សម្តេចតេជោនឹងទៅទទួលដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង ដើម្បីបង្ហាញអំពីការថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់មិត្តចិន ដែលបានផ្ដល់ជំនួយវ៉ាក់សាំងនេះ ហើយម្ជុលដំបូងបង្អស់នឹងចាក់លើខ្លួនសម្ដេចផ្ទាល់។
សម្ដេចតេជោបានថ្លែងបន្តយ៉ាងដូច្នេះថា «ម្ជុលទីមួយនឹងចាក់លើខ្លួនខ្ញុំមុនគេ....ចាក់ហើយ ខ្ញុំនឹងធ្វើសន្និសីទកាសែតពីមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើឱ្យប្រជាជនកម្ពុជាច្បាស់»។
គោលបំណងនៃការធ្វើសន្និសីទសារព័ត៌មាននេះ គឺដើម្បីបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ និងមានភាពជឿជាក់ក្នុងចិត្តអំពីគុណភាពរបស់វ៉ាក់សាំងនេះ ពីព្រោះកន្លងមកធ្លាប់មានការឃោសសនាអកុសល ពីសំណាក់ជនអគតិមួយចំនួន ដែលបំភ្លៃប្រាប់ប្រជាពលរដ្ឋតាមប្រព័ន្ធទំនាក់ទំនងសង្គមថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ នេះគ្មានគុណភាពឡើយ និងថែមទាំងធ្វើឱ្យរាងកាយមនុស្សជួបបញ្ហានានាជាដើម។ ត្រង់ចំណុចនេះ សម្ដេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំជឿតាមការឃោសនាអកុសលនេះឱ្យសោះ ពីព្រោះវាមិនមែនជារឿងពិតនោះឡើយ និងសូមជឿជាក់លើការចាក់វ៉ាក់សាំងលើខ្លួនសម្ដេចផ្ទាល់ឱ្យបានជាក់ច្បាស់។
បើតាមសម្ដេចតេជោ ហ៊ុន សែន ក្រៅពីក្រុមគ្រូពេទ្យជួរមុខ វ៉ាក់សាំងនេះនឹងត្រូវចាក់ជូនអ្នកបម្រើសេវានៅផ្នែកជួរមុខជាអាទិភាព សូម្បីតែអ្នកបោសសំរាម អ្នកប្រមូលសំរាម អ្នករត់ម៉ូតូឌុប រត់កង់បី តាក់ស៉ី រថយន្តក្រុងជាដើមនោះ ក៏ត្រូវទទួលបានមុនគេដែរ ព្រោះពួកគាត់អ្នកប្រឈមនឹងហានិភ័យខ្ពស់ជាងគេ៕