(កំពង់ស្ពឺ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង បានអញ្ជើញពិនិត្យសកម្មភាពការងាររបស់មន្ត្រី បុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍យ៉ាងសកម្មលើការកសាងព្រះរាជសមិទ្ធផល ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ប្រជារាស្រ្តជាបងប្អូនកូនចៅរបស់ព្រះអង្គ រស់នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសចុះបំពេញការងារនៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំង ព្រះរាជតំណាង បានអញ្ជើញពិនិត្យការងាររបស់ក្រុមសម្តេចឪ ក្នុងកិច្ចការកសាងអគារសិក្សាដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាក្សត្រ មានចំនួន ១ខ្នង ស្មើនឹង ៦បន្ទប់ ធ្វើអំពីឥដ្ឋប្រក់ក្បឿង ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ព្រោះថានៅមូលដ្ឋាននេះ គឺជាតំបន់ឆ្ងាយដាច់ស្រយាល ខ្វះអគារសិក្សា ហើយត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងក្នុងការប្រោសព្រះរាជទានអគារសិក្សា ដែលមានឧត្តមប្រយោជន៍ដ៏ធំធេងនេះ ស្របទៅតាមសេចក្តីក្រាបបង្គំទូលថ្វាយ សូមការប្រោសព្រះរាជទានពីសំណាក់អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងប្រជារាស្ត្រក្នុងមូលដ្ឋាន ដើម្បីសិស្សានុសិស្សជាកូនចៅរបស់ព្រះអង្គមានកន្លែងចូលសិក្សារៀនសូត្រ ប្រកបដោយភាពសមរម្យក្នុងការទទួលយកចំណេះដឹងផ្សេងៗមកបម្រើប្រទេសជាតិ។
ព្រះរាជកិច្ចស្ថាបនាព្រះរាជសមិទ្ធផលជាអគារសិក្សា ព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង គឺជាព្រះរាជកិច្ចដ៏វិសេសវិសាលមួយដែលព្រះអង្គបានគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនឧត្តុងឧត្តមបំផុត ដង្ហែតាមព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាអប់រំសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទាននៅគ្រប់ទីកន្លែង ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសព្រះអង្គបានប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្ត នៅក្នុងមូលដ្ឋានទាំងឡាយណា ដែលជួបការលំបាកខ្វះខាត អគារសិក្សា ដើម្បីទុកធ្វើជាថ្នាលបណ្តុះចំណេះដឹងដល់កុលបុត្រ កុលធីតាខ្មែរ ដែលជាទំពាំងស្នងឫស្សីសម្រាប់បន្តវេនធានារ៉ាប់រងចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិ។
ការប្រោសព្រះរាជទាននូវអគារសិក្សា ព្រមទាំងព្រះរាជសមិទ្ធផលព្រះរាជអំណោយដ៏ថ្លៃថ្ល របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង នៅសាលាបឋមសិក្សាឧបសម្ព័ន្ធព្រះខែ ស្ថិតនៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើឱ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជារាស្ត្រជាកូនចៅនៅក្នុងមូលដ្ឋាន មានសេចក្តីត្រេកអរឥតឧបមា បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃកម្ពុជា និងសូមថ្វាយព្រះពរព្រះអង្គបានសមប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តចម្រើនរុងរឿងដល់ប្រទេសកម្ពុជា និងជនរួមជាតិជាកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ៕