(ភ្នំពេញ)៖ យោងតាមតួលេខពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ឲ្យដឹងថា អ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់កម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅនេះ បានធ្លាក់ចុះយ៉ាងកំហុក ប្រមាណជា៧៩ភាគរយ។
តាមតួលេខបានឲ្យដឹងថា អ្នកដំណើរក្នុងស្រុក, អន្តរជាតិ និងអ្នកដំណើរឆ្លងកាត់សរុបមានចំនួន ២.១៣លាននាក់ នៅក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៧៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឲ្យដឹងទៀតថា
១៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរ១.៣០លាននាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៧៦ភាគរយ។
២៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរចំនួន ៦១៨,៦៦៣នាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៨៣ភាគរយ។
៣៖ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានអ្នកដំណើរចំនួន២១៤,៩៦៩នាក់ ធ្លាក់ចុះ៨៦.៣ភាគរយ។
សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសទាំង៣ ក៏ធ្លាក់ចុះ៣១ភាគរយផងដែរ។ ក្នុងនោះកម្ពុជា ទទួលបានការដឹកជញ្ជូនទំនិញ ចំនួន៤៩,៩៨៣តោន ធ្លាក់ចុះ៣១ភាគរយ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាឲ្យដឹងថា ក្នុងមួយឆ្នាំៗកម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណ៦លាននាក់ ប៉ុន្ដែពេលនេះ គឺភ្ញៀវទេសចរ៦លាននាក់នេះ បាត់បង់រហូតដល់៧០ភាគរយហើយ ដូច្នេះការធ្លាក់ចុះនៃការដឹកជញ្ជូនទំនិញនេះ គឺដោយសារតែជំងឺកូវីដ១៩នេះឯង ដោយមានផលប៉ះពាល់ដោយប្រយោល និងជាបណ្ដាញតែម្ដង។
លោកស្រី ឆាយ ស៊ីវលីន បន្តថា «ជាការពិតការធ្លាក់ចុះនៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស គឺបណ្ដាលមកពីជំងឺកូវីដ១៩ ព្រមទាំងធ្វើឲ្យវិស័យដឹកជញ្ជូនរាំងស្ទះផងដែរ។ ទំនិញភាគច្រើន គឺយកមកផ្គត់ផ្គង់ ដល់ភ្ញៀវទេសចរតែឥឡូវនេះ មិនមានភ្ញៀវទេសចរ មានតែផ្គត់ផ្គង់ភ្ញៀវក្នុងស្រុក និងមានចំនួនតិចមិនមានតម្រូវការច្រើន ដូច្នេះការដឹកជញ្ជូនទំនិញក៏ធ្លាក់ចុះ»។
អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះបន្តថា បន្ទាប់ពីទទួលរងការប៉ះពាល់ ដោយសារតែជំងឺកូវីដ១៩នេះ អ្នករកស៊ីលើអាជីវកម្មទេសចរណ៍នេះ បានបិទទ្វារប្រមាណជា៣ពាន់កន្លែងហើយ ហើយមួយរយៈក្រោយនេះ បន្ទាប់ពីមានការជំរុញឲ្យមានចលនាទេចរណ៍ក្នុងស្រុកឡើងវិញ ឃើញថា មានទីតាំងអាជីវកម្មប្រមាណ៦០០បានបើកដំណើរការឡើងវិញផងដែរ៕