(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីធ្វើជាអធិបតីភាពអញ្ជើញសម្ពោធអគារទីស្តីការថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្នុងពីធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។
ប្រមុខនៃរាជរដ្ឋាភិបាលបានប្រកាសយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ នឹងមានសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺនៅថ្ងៃទី០៤ ចំថ្ងៃខួបផ្លូវការ របស់ខ្ញុំពេលនោះយើង នឹងរៀបចំនៅក្នុងអគារតែម្តង ព្រោះខែនោះក្តៅអញ្ចឹងយើងរៀបចំនៅក្នុងអគារ ដើម្បីជាបទពិសោធន៍ សម្រាប់ការឈានទៅមុខជាមួយនឹងដំណើរការប្រក្រតី ឬជីវភាពដោយប្រក្រតី តាមគន្លងថ្មី នេះជាចំណុចដែលខ្ញុំគ្រាន់តែ ចាប់ផ្តើមបញ្ជាក់អំពីរបៀបសមយុទ្ធមួយនៃវិធីថ្មីរបស់យើង ដែលចំណុចនេះធ្លាប់ធ្វើនៅសៀមរាប ប៉ុន្តែទ្រង់ទ្រាយតូច ប៉ុន្តែ អីឡូវយើងធ្វើទ្រង់ទ្រាយធំបន្តិច»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវពង្រីកដែលមានប្រវែង ២០៤ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ដែលមានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ៣ នេះជាផ្លូវទី១ ដែលត្រូវដាក់ និងផ្លូវក្រោមដីទី២ ដែលមានប្រវែង ៤៥៨ម៉ែត្រ ទទឹង៨.៥០ម៉ែត្រ មានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅចោមចៅ ដូច្នេះសូមឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសជាផ្លូវការឱ្យដំណើរការចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះតទៅ។
តាមរយៈការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវនេះ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ក្រោយដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣ខ្សែនេះ នឹងចូលចំណែកយ៉ាងខ្លាំងកាត់បន្ថយការកក់ស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវអាកាស ក្រោមដីចោមចៅ ទៅតាមបណ្តាខេត្តមួយចំនួន និងអ្នកធ្វើដំណើរពីខេត្តមករាជធានីភ្នំពេញ។
ថ្លែងពីលើវេទិកានាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការបែងចែកទីតាំងក្រសួងសាធារណការចាស់នៅជិតវត្តភ្នំ ប្រគល់ជូនទៅក្រសួងរ៉ែ និងថាមពល, ហើយទីស្តីការក្រសួងរ៉ែ និងថាមពលចាស់ជិតផ្សារថ្មី ប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សម្រាប់ទីតាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាស់ ត្រូវប្រគល់ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដោយឡែកទីតាំងក្រសួងអភិវឌ្ឍន៍ជនបទចាស់ ត្រូវប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា អគារទីស្តីការក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងសាងសង់ផងដែរ។ តាមរយៈការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងស្ថាប័ន គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីសម្រួលការធ្វើការប្រកបដោយផាសុខភាព និងមានទីធ្លាធំទូលាយជាដើម។
ស្ថាបនិកនយោបាយឈ្នះឈ្នះ រហូតមានការបង្រួបបង្រួមជាតិឱ្យទទួលបានសុខសន្តិភាពពេញលេញ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកថា ការផ្លាស់ប្តូររបបនានានៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសនានា ទោះតាមមធ្យោបាយបោះឆ្នោត ឬរដ្ឋប្រហារ រដ្ឋាភិបាលក្រោយតែងតែទទួលមរតកពីរដ្ឋាភិបាលមុន។ ក៏ប៉ុន្តែសម្រាប់កម្ពុជា ក្រោយពេលរំដោះពីរបបប្រល័យពូជសាសន៍ គឺកម្ពុជាគ្មានសេសសល់អ្វីទាំងអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័នរដ្ឋ រួមទាំងធនធានមនុស្ស។
សម្តេចតេជោ ហ៊ុន សែន បានរំឮកថា សម្តេចបានប្រឹងប្រែងប្រមូលធនធានមនុស្សឡើងវិញ និងបានចាត់ចែងរៀបចំក្រសួងស្ថាប័នរដ្ឋឡើងវិញយ៉ាងលំបាកបំផុត។
សូមបញ្ជាក់ថា អគារទីស្តីការថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានចាប់ផ្តេីមសាងសង់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រោយពីទទួលបានលិខិតអនុញ្ញាត សាងសង់ លេខ០៦៨ ដនស/អដន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ០០៩ អសណ/នសណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ គ្រោងនឹងបញ្ចប់នៅមុនដំណាច់ខែមីនា ឆ្នាំ២០២១ខាងមុខ៕