(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាព ការរស់នៅ ជាពិសេសនៅរដូវវស្សាធ្វើឲ្យសំរាមទាំងនោះចូលស្ទះលូផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋ ខណៈនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទួលទំពូង១ នាព្រឹកថ្ងៃទី២២ ខែមករានេះ នៅក្នុងបរិវេណវត្តទួលទំពូង។
អភិបាលខណ្ឌបានបន្ថែមថា បញ្ហាសុខភាពគឺជារឿងសំខាន់ដែលត្រូវគិតមុនគេ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ត្រូវធ្វើអនាម័យក្នុងភូមិដ្ឋានរស់នៅ ចូលរួមអនុវត្តទាំងអស់គ្នា ទាំងការវេចខ្ចប់ទុកដាក់សំរាម និងកំណត់ពេលវេលាដែលរថយន្តមកប្រមូលសំរាមចៀសវាងយកសំរាមមកដាក់ចោលនៅតាមចិញ្ចើមផ្លូវ។
ដោយសង្កេតឃើញថា មកដល់ពេលនេះ ជារដូវរំហើយ លោកអភិបាលខណ្ឌចំការមន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ ដោយនៅមុនពេលចេញពីផ្ទះ ត្រូវពិនិត្យមើលនៅភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី មុនពេលចាកចេញពីផ្ទះត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវចៀសវាងកុំដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម។
ក្នុងឱកាសនោះ លោក ថេង សុថុល បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជាខណ្ឌចំការមនដែលបានចែកជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន ១បាវ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, សាប៊ូ, ម៉ាស, មី, ក្រម៉ា រួមនឹងថវិកាចំនួន ២០,០០០រៀលផងដែរ៕