(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការរៀបចំពិធីសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ជាសមយុទ្ធ និងជាបទពិសោធន៍ សម្រាប់ការរៀបចំកម្មវិធីក្នុងបរិបទជំងឺកូវីដ១៩ ឬជាការរៀបចំកម្មវិធីតាមគន្លងថ្មី។
គន្លងថ្មីដែលត្រូវរៀបចំវេទិការនៅទីវាល និងមានការរក្សាគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងហោចណាស់មួយម៉ែត្រកន្លះ ព្រមទាំងត្រូវពាក់ម៉ាស់ជាប្រចាំ។ ការអនុវត្តន៍បែបនេះ ធ្វើឡើងក្រោយពេលដែលកម្ពុជា ក៏ដូចជាពិភពលោក បានទទួលរងផលប៉ះពាល់ដោយសារជំងឺCOVID-19 ដែលទាមទារឲ្យមានការរក្សាគម្លាត និងកាត់បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «វេទិការនេះប្រៀបដូចជាសមយុទ្ធ ដើម្បីជាបទពិសោធន៍ឲ្យមានដំណើរការការងារ ការជួបជុំជាធម្មតាឡើងវិញ។ ប៉ុន្តែស្ថិតនៅក្នុងបរិបទ COVID-19 ឬយើងហៅថា គន្លងថ្មី ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាព សុខភាពសាធារណៈ ពីជំងឺ COVID-19»។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបែបនេះ នៅក្នុងឱកាសសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ដែលជាសាលាបណ្ដុះបណ្ដាលវិស្វករខ្មែរដំបូងគេឲ្យមានជំនាញអាចសាងសង់ផ្លូវ និងស្ពានដោយខ្លួនឯងបាន។ អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៥៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយ ចំនួន៣៩៩នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៧នាក់៕