(ភ្នំពេញ)៖ សាលាមីគីវ៉េ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាល ផ្នែកបច្ចេកទេស បង្រៀនភាសាអង់គ្លេសជាលើកទី២ ប្រចាំឆ្នាំសិក្សា២០១៦ ដល់គ្រូបង្រៀនផ្នែកភាសាអង់គ្លេស ទូទាំងសាលាមីគីវ៉េ ទាំង១៥សាខា ដោយមានដៃគូរសហការជាមួយក្រុមហ៊ុន Macmillan Education។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើបទបង្ហាញដោយ Mr.Jake Whiddon ជាអ្នកជំនាញផ្នែកបណ្តុះបណ្តាល និងប្រឹក្សាយោបល់ផ្នែកបច្ចេកទេស បង្រៀនភាសាអង់គ្លេស របស់ក្រុមហ៊ុន Macmillan Education ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយបើតាមកិច្ចសន្យារវាង ក្រុមហ៊ុន និងសាលាក្រុមហ៊ុន Macmillan Education នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេល និងការដឹកនាំ ដល់ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូភាសាអង់គ្លេស នៅខែបន្ទាប់ៗទៀត។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលា បុគ្គលិក លោកគ្រូអ្នកគ្រូ សរុបចំនួន៣៥០នាក់។
លោក ប៉ូ សុវីនដា ប្រធានការិយាល័យសិក្សាធិការ ភាសាអង់គ្លេស នៃសាលាមីគីវ៉េបានលើកឡើងថា វគ្គបណ្តុះបណ្តាលបច្ចេកទេស បង្រៀនភាសាអង់គ្លេសដល់ គ្រូបង្រៀនផ្នែកភាសាអង់គ្លេសនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងកិច្ចការបង្រៀនប្រចាំថ្ងៃ របស់លោកគ្រូអ្នកគ្រូ។ លោក ប៉ូ សុវីនដា បានបញ្ជាក់បន្ថែមទៀតថា គុណភាពរបស់គ្រូ គឺជាគោលដៅចម្បងបំផុត សំរាប់សាលាមីគីវ៉េប្រចាំឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៅថ្ងៃអនាគត។
លោក អ៊ុយ រ៉ែន នាយកប្រតិបត្តិរង នៃសាលាមីគីវ៉េ បានបញ្ជាក់ថា ការកំណត់ឱ្យមានវគ្គបណ្តុះបណ្តាលនេះ គឺជាយន្តការមួយក្នុងចំណោម យន្តការជាច្រើន នៃផែនការពង្រឹងគុណភាព និងសមត្ថភាពបង្រៀន របស់លោកគ្រូអ្នកគ្រូ ដើម្បីរក្សានូវនិរន្តរភាពនៃការអប់រំ នឹងឆ្លើយតបជាមួយកម្មវិធីសិក្សាថ្មី របស់សាលា ឲ្យមានប្រសិទ្ធិភាពខ្ពស់។
លោកបានបញ្ជាក់ទៀតថា សាលាមីគីវ៉េ មានចក្ខុវិស័យរបស់ខ្លួន ហើយចក្ខុវិស័យនេះ គឺសាលាមីគីវ៉េ ជាកន្លែង ជាទីមោទនៈ និងទំនុកចិត្ត ពីសំណាក់មាតាបិតា ឬអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់។ ដូច្នេះសូមលោកគ្រូអ្នកគ្រូ ខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពក្នុងការបង្រៀន និងរៀនដើម្បីសម្រេចឲ្យបាននូវ ចក្ខុវិស័យរបស់សាលា និងធ្វើឲ្យសាលាមានស្តង់ដារជាសកល៕