(ព្រះវិហារ)៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្ក្រាប ជាមួយនឹងការដកហូតវត្ថុតាងមួយចំនួនធំ រួចបញ្ជូនទៅចាត់ការទៅតាមច្បាប់។
លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃម្សិលមិញ លោកបានដឹកនាំកម្លាំងនគរបាលស្រុក មន្ត្រីរដ្ឋបាលព្រៃឈើស្រុក ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅក្រោយរដ្ឋបាលស្រុករវៀង។
ជាលទ្ធផល កម្លាំងបានរឹបអូសវត្ថុតាងរួមមាន៖ ម៉ូទ័រឈូស ម៉ូទ័រវាល ម៉ូទ័រស្វាន តាបជ្រៀកឈើ និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀត រួចបញ្ជូនទៅរក្សាទុកដើម្បីចាត់ការទៅតាមច្បាប់។
លោក វុធ សាវី បានថ្លែងបញ្ជាក់ថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនេះ កន្លងមកអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះអប់រំណែនាំជាច្រើនដងមកហើយ តែមិនព្រមអនុវត្តតាមនោះទេ ផ្ទុយទៅវិញម្ចាស់ទីតាំងសិប្បកម្មនេះ អាងខ្នង អាងខ្សែ ទើបមិនមានអ្នកណាហ៊ានទៅបង្រ្កាបនោះ។
លោកបានព្រមានថា ចាប់ពីពេលនេះទៅទីតាំងកែច្នៃឈើកន្លែងណា គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវតែបង្រ្កាប ទោះមានខ្នងបង្អែកប៉ុណ្ណាក៏ដោយ ក្នុងទិសដៅចូលរួមការពារព្រៃឈើឲ្យនៅគង់វង្សយូរអង្វែង៕