(ភ្នំពេញ)៖ ដោយសារឃើញសក្តានុពលសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនខ្លាំង ជាពិសេសតំរូវការថាមពលអគ្គិសនីមានការកើនឡើងខ្ពស់ ហួសពីការប៉ាន់ប្រមាណនោះ ក្រុមហ៊ុន Maritime Group របស់អ្នកឧកញ៉ា ហេង សិទ្ធី ដែលជាក្រុមហ៊ុនវិនិយោគដ៏មានសក្តានុពលមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ក្រុមហ៊ុន Xinglan Group ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយលើវិស័យថាមពលកកើតជាថ្មី (Renewable Energy) នៅប្រទេសចិន បានចាប់ដៃគ្នាបង្កើតជាក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី (XINGLAN MARITIME ENERGY CO., LTD.) វិនិយោគក្នុងវិស័យថាមពលអគ្គិសនីដើរដោយកំលាំងខ្យល់ ដើម្បីរួមចំណែកជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលកម្ពុជា ដើម្បីផ្គត់ផ្គង់បំពេញតម្រូវការចាំបាច់ក្នុងវិស័យនេះ។
ក្រោយពីបានទទួលការអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឲ្យក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី ឯ.ក ធ្វើការសិក្សាគម្រោងផលិតថាមពលអគ្គិសនី ដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ (100MW) ជាជំហានដំបូងស្ថិតក្នុងខេត្តមណ្ឌលគីរី ក្រុមការងារបច្ចេកទេសចម្រុះដែលមានអ្នកជំនាញមកពីប្រទេសចិនផងនោះ បានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗរបស់មូលដ្ឋាននៅក្នុងខេត្ត ចុះបំពេញការងារតាមបទដ្ឋានបច្ចេកទេសតាមឯកសារស្រាវជ្រាវផ្សេងៗ និងកំណត់បង្ហាញទីតាំងសក្តានុពលទាំងឡាយតាមរយៈផ្កាយរណប និងការវាស់ស្ទង់ជាក់ស្តែងតាម GPS នៅទីក្រុងសែនមនោរម្យ និងស្រុកអូររាំងក្នុងខេត្តមណ្ឌលគីរី ដើម្បីឲ្យប្រាកដច្បាស់ថា គម្រោងវិនិយោគមួយនេះនឹងត្រូវបានអនុវត្តដោយជោគជ័យ។
ក្រោយពីកំណត់បាននូវទិន្នន័យបឋមរួចហើយ ក្រុមហ៊ុនបានតម្លើងប៉មវាស់ខ្យល់ (Met Mast Tower) ដែលមានកំពស់១០០ម៉ែត្រ ចំនួនពីរ (០២) នៅទីតាំងយុទ្ធសាស្រ្ត ក្នុងភូមិឡៅកា សង្កាត់សុខដុំ ក្រុងសែនមនោរម្យ និងមួយកន្លែងទៀតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ដើម្បីវាស់កម្លាំងខ្យល់នៅកម្ពស់អតិបរមាពេញមួយឆ្នាំ និងដើម្បីឲ្យប្រាកដច្បាស់ថាកម្លាំងខ្យល់នៅតាមទីតាំងយុទ្ធសាស្រ្តដែលត្រូវតម្លើងទួរប៊ីនខ្យល់ (Wind Turbine) កំពស់១០០ម និងស្លាបកង្ហារប្រវែងពី ៧០ម ទៅ៨០មនោះ មានល្បឿនយ៉ាងតិចបំផុតគឺ ៥ម ក្នុងមួយវិនាទី។
ដើម្បីផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព១០០មេហ្កាវ៉ាត់ (100MW) ក្រុមហ៊ុនមានគម្រោងចំណាយដើមទុនវិនិយោគសរុបចំនួន២០០លានដុល្លារ (USD200 Million) ហើយត្រូវតម្លើងទួរប៊ីនខ្យល់ (Wind Turbine) ចំនួន៤០បង្គោល ដែលទួរប៊ីននីមួយៗអាចផលិតថាមពលអគ្គិសនីបាន ២៥០០គីឡូវ៉ាត (2500 kW)។ ជាគោលការណ៍បច្ចេកទេស ក្រុមហ៊ុនត្រូវចំណាយពេលពី១.៥ឆ្នាំ ទៅ ២ឆ្នាំ ដើម្បីតម្លើងទួរប៊ីនខ្យល់សាងសង់ស្ថានីយ៍ផ្ទុកនិងចែកចាយអគ្គិសនី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីតភ្ជាប់ចរន្តអគ្គិសនីពីស្ថានីយ៍នេះទៅអនុស្ថានីយ៍ផ្សេងៗនៅក្នុងខេត្តមណ្ឌលគីរី។
ក្រោយពីទទួលបានទិន្នន័យសព្វគ្រប់ច្បាស់លាស់ និងបញ្ចប់ការរៀបចំរបាយការណ៍លម្អិតស្តីពីបច្ចេកទេស និងហិរញ្ញវត្ថុ (Feasibility Study) រួចហើយ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ស៊ីងឡាន ម៉ារីថាម អេនីជី ឯ.ក បានធ្វើកំណត់បង្ហាញព្រមទាំងឆ្លើយបំភ្លឺសំណួរផ្សេងៗជូននាយកដ្ឋានពាក់ព័ន្ធនានានៃក្រសួងរ៉ែ និងថាមពល អំពីការសិក្សាស្រាវជ្រាវនូវកត្តាពាក់ព័ន្ធនានា និងរបកគំហើញជាក់ស្តែងនៅតាមទីតាំងនីមួយៗ ជាពិសេសការរៀបចំតាមលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេស និងលទ្ធភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅក្នុងគម្រោងវិនិយោគផលិតថាមពល អគ្គិសនីដើរដោយកម្លាំងខ្យល់អានុភាព១០០មេហ្កាវ៉ាត់ ជាជំហានដំបូងស្ថិតក្នុងខេត្តមណ្ឌលគីរីនេះ។
ក្រុមហ៊ុននៅរង់ចាំតែលទ្ធផលនៃការចរចាពីតម្លៃលក់អគ្គិសនីជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនានា និងការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ មុននឹងចាប់ផ្តើមអនុវត្តគម្រោងផែនការបស់ខ្លួន។ ក្រុមហ៊ុនមានជំនឿជឿជាក់ថា ខេត្តមណ្ឌលគីរីដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិស្រស់បំព្រងជាច្រើននោះ នឹងកាន់តែបន្ថែមសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយនៅចុងសប្តាហ៍ និងក្នុងឱកាសបុណ្យទាននានា នៅតាមទីតាំងទួរប៊ីនខ្យល់ដែលទើបនឹងមានវត្តមានជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលខេត្តមណ្ឌលគីរីក៏នឹងមានព្រលានយន្តហោះក្នុងតំបន់ ដែលអាចសម្រួលពេលវេលា និងមធ្យោបាយនៃការធ្វើដំណើរកំសាន្តសប្បាយផងដែរ៕