(ហ្វីជី)៖ យ៉ាងហោចណាស់មានមនុស្ស ១៧ នាក់បានស្លាប់ បន្ទាប់ពី​មានព្យុះត្រូពិច​ដ៏សាហាវ​មួយ​បានបោកបក់ចំ​ប្រទេសដែនកោះហ្វីជី (Fifi) នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ហើយនៅខណៈ​នេះ អាជ្ញាធរប្រចាំតំបន់កំពុងតែ​ចេញប្រតិបត្តិការជួយសង្គ្រោះ នេះបើយោងតាមការចេញផ្សាយរបស់​សារ​ព័ត៌មាន CNN នៅថ្ងៃទី២២ ខែកុម្ភៈ។

អាជ្ញាធរនៃប្រទេសហ្វីជី បានឲ្យដឹងថា ព្យុះត្រូពិច Cyclone Winston បានឥទ្ធិពលខ្លាំង ជាពិសេសគឺកម្លាំងខ្យល់ ដោយវាបានគ្រប់ដណ្ដប់ជាងពាក់កណ្ដាលនៃផ្ទៃប្រទេស ប៉ុន្តែ​មកដល់​ពេល​នេះ នៅមិនទាន់ទទួលបានព័ត៌មានពីផលប៉ះពាល់ និងខូចខាតនោះទេ គ្រាន់តែដឹងថា មានមនុស្ស ១៧នាក់បានស្លាប់។

បន្ទាប់ពីទទួលរងការវាយប្រហារពីសំណាក់ព្យុះមួយនេះ អាជ្ញាធរបានចេញបញ្ជាឲ្យ​សាលា​ទាំង​អស់​នៅក្នុងប្រទេស​បិទទ្វារ​មួយសប្ដាហ៍ ចំណែក​ជើងហោះហើរ​ចំនួន​បានចាប់ផ្ដើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាស់អស់រយៈពេលជាច្រើនម៉ោង។

គួរបញ្ជាក់ផងដែរថា នេះជាព្យុះមួយនៅក្នុងប្រវត្តិសាស្ត្រសម្រាប់​ប្រទេសប្រជុំដោយកោះជាង ៣០០នេះ ព្រោះថាកន្លងមក ប្រទេសនេះ ត្បិតតែជាប្រទេសដែនកោះក៏ពិតមែន ប៉ុន្តែមិនធ្លាប់​នទទួល​រងការវាយប្រហារពីព្យុះ​ដ៏កាចសាហាវបែបនេះឡើយ៕