(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៤នាក់។
នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ៣គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែងគ្រោះថ្នាក់៤លើក, បត់គ្រោះថ្នាក់២លើក, បើកបរងងុយដេក១លើក និងកត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៧នាក់ (យប់៧នាក់) ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ ការលទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៧៣១២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៣៥៥០គ្រឿង ពិន័យសរុប៣៧៦២គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៨៨០នាក់៕