(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានព្រះរាជទានព្រះរាជសារអបអរសាទរជូនចំពោះលោក ចូ បៃដិន (Joe Biden) ដែលបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
នៅក្នុងព្រះរាជសារអបអរសាទរ ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីស្បថចូលកាន់តំណែងរបស់ឯកឧត្តម ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតមួយដែល មានលក្ខណៈប្លែក និងជាប្រវត្តិសាស្រ្ត ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទឯកឧត្តមប្រធានាធិបតី ដោយក្តីស្មោះស្ម័គ្រ និងសូមជូនពរឲ្យជួបតែសុភមង្គល»។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា «ខ្ញុំព្រះករុណា ខ្ញុំជឿជាក់ថា ឯកឧត្តម នឹងផ្តល់ភាពជាអ្នកដឹកនាំ និងប្រាជ្ញាក្នុងការដឹកនាំប្រជាជនអាមេរិកឲ្យដើរលើមាគ៌ាឆ្ពោះទៅរកយុត្តិធម៌ សន្តិភាព សាមគ្គីភាព និងវិបុលភាព។ ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងមិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយសហរដ្ឋអាមេរិក ទាំងកម្រិតទ្វេភាគីក្នុងតំបន់ និងអន្តរជាតិ។ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវជំនឿចិត្តថា ចំណងទាក់ទងទាំងនេះ នឹងមានការរីកចម្រើនបន្ថែមទៀតក្រោមរដ្ឋបាលរបស់ឯកឧត្តម»។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ចូ បៃដិន បានឡើងស្បថចូលកាន់មុខតំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទី៤៦ ក្រោយគណបក្សប្រជាធិបតេយ្យរបស់លោក បានយកឈ្នះការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ៕