(ពោធិ៍សាត់)៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានច្រានចោលការចោទប្រកាន់ ពីសំណាក់ជនល្មើសថា សមត្ថកិច្ចបានវាយខ្លួនបណ្តាលឱ្យរងរបួស និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកបរិបូរណ៌ ខណៈចុះបង្ក្រាបបទល្មើស នៅលើផ្ទៃទឹកបឹងទន្លេសាប។
បើតាមរបាយការណ៍ពីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលនេះថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤៖១៦នាទីល្ងាច កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ប៊ុនធឿន នាយរងការិយាល័យបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប នៅចំណុច(ក)ដប ស្ថិតនៅក្នុងភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងប្រតិបត្តិការនោះ កម្លាំងបានឃើញឧបករណ៍នេសាទខុសច្បាប់ (បរ) ជាឧបករណ៍នេសាទបែបថ្មី និងទំនើប ដែលច្បាប់ហាមឃាត់ នៅជាច្រើនកន្លែង ពុំឃើញមានម្ចាស់នោះឡើយ។ ខណៈនោះសមត្ថកិច្ច បានស្រង់ក្បាល(បរ)មួយកន្លែង ដែលមានទ្រង់ទ្រាយធំ និងវែងជាងគេ ដើម្បីស្រាវជ្រាវរកម្ចាស់ទាំងអស់ មកធ្វើកិច្ចសន្យាអប់រំ និងទទួលស្គាល់ឧបករណ៍ល្មើសច្បាប់ទាំងនោះ ដើម្បីបញ្ឈប់ការនេសាទតទៅមុខទៀត។
របាយការណ៍បន្តថា ពេលកម្លាំងកំពុងចុះស្រង់ ស្រាប់តែឃើញឈ្មោះ ឃីម ភេទប្រុស រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងបក្សពួកចំនួន៤កាណូត មានមនុស្សចំនួន៩នាក់ បានមកបង្កហេតុ ជាមួយកម្លាំងសមត្ថកិច្ច។
ក្រោយមកកម្លាំងសមត្ថកិច្ច បានឱ្យឈ្មោះ ឃីម ចូលខ្លួនមកជួបនៅស្នាក់ការ ដើម្បីធ្វើកំណត់ហេតុបំភ្លឺ តែឈ្មោះ ឃីម និងបក្ខពួកមិនមក ហើយបែរជាមិនឱ្យកម្លាំងសមត្ថកិច្ចរុះរើ ឧបករណ៍ល្មើសច្បាប់ទាំងនោះចេញ ក្នុងគោលបំណង បង្កររឿងជាមួយសមត្ថកិច្ច។ ភ្លាមនោះកម្លាំងយើងខ្លាចមានគ្រោះថ្នាក់ ក៏ដកកាំភ្លើងក្នុង ហើយប្រាប់ថាកុំចូលមកប្រយ័ត្នខ្ញុំបាញ់ ពេលនោះបក្សពួក និងឈ្មោះ ឃីម មិនហ៊ានចូលមកទេ ហើយក៏ត្រឡប់ទៅវិញ។
ក្នុងរបាយការណ៍នោះ បានបន្ថែមថា កម្លាំងសមត្ថិច្ចនៅតែបន្តហៅឈ្មោះ ឃីម ឱ្យឡើងលើកាណូត ដើម្បីនាំទៅសួរបំភ្លឺ តែឈ្មោះ ឃីម មិនព្រមឡើង ខណៈនោះកម្លាំងក៏បានទាញដៃ។ តែឈ្មោះ ឃីម បានស្រែកថា ចុកពោះណាស់ៗ យើងក៏បានឱ្យឈ្មោះ ឃីម ត្រឡប់ទៅវិញ។ ស្របពេលគ្នានោះសមត្ថកិច្ច យើងក៏បានអញ្ជើញលោកមេភូមិឱ្យមកចូលរួម តែលោកមេភូមិ មិនបានមក ក៏ចាត់ឱ្យលោកអនុប្រធានភូមិ និងតំណាងសហគមន៍នេសាទ មកពិនិត្យ និងធ្វើការវាស់វែងឧបករណ៍នេសាទល្មើសច្បាប់(បរ)ទាំងនោះ។
ក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់ហើយ សមត្ថកិច្ចយើងបានទទួលព័ត៌មានថាឈ្មោះ ឃីម បានទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ឯស្រុកបរិបូរណ៌ ដោយចោទប្រកាន់ថា សមត្ថកិច្ចបានវាយខ្លួនឱ្យរងរបួស។ ក្នុងនោះដែរសមត្ថកិច្ចយើង ក៏បានច្រានចោលយ៉ាងដាច់អាហាំងការ និងសូមស្នើឱ្យលោក ឃីម (ជនល្មើស) ចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ចជំនាញផងដែរ៕