(ពោធិ៍សាត់)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីសម្បទានសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) នៅចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំវាញ ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ។
ពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោកឧត្តមសេនីយ៍ ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត, ក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនផ្សេងទៀត។
លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ បានឱ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ មិនទុកចោលអតីតយុទ្ធជននោះទេ ពោលគឺតែងតែចុះសួរសុខទុក្ខជាប្រចាំ និងយកចិត្តទុក្ខដាក់ខ្ពស់ ទៅលើជីវភាពរស់នៅ ទៅតាមការណែនាំដ៏ខ្ពស់ខ្ពស់របស់ម្តេចតេជោ និងឯកឧត្តមទេសរដ្ឋមន្រ្តី ជាអគ្គលេខាធិការផងដែរ។
ជាមួយគ្នានេះ សមាគមខេត្ត បានឱ្យមន្ទីរសុរិយោដីខេត្ត យកដីដែលបម្រុងទុករបស់ខេត្ត ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើការឈូសឆាយដែលមានផ្ទៃដីសរុប៧៩៥ហិកតា សម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រ ចំនួន៦២៨គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានដីទំហំ៧០×១៥០ម៉ែត្រ សរុបអស់ផ្ទៃដីចំនួន៦៥៩,៤ហិកតា ចំពោះដីដែលនៅសល់ ខេត្តទុកសម្រាប់កសាងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗបន្តទៅទៀត។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តរបស់អតីយុទ្ធជន ក៏ដូចជាគ្រួសារពលីមរណៈ ក្នុងបុព្វហេតុជាតិមាតិភូមិ រហូតដល់មានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ លោកបន្តថា គុណបំណាច់ដ៏ធំធេង ដែលអតីតយុទ្ធជនបានលៈបង់នោះ គឺនិងធ្វើការចងចាំទុក ជាប្រវត្តិសាស្រ្ត ទៅលើគុណបំណាច់ទាំងអស់នេះ ហើយនឹងរៀនសូត្រតាម នូវគំរូវីរៈភាពដ៏អង់អាចក្លាហាននេះបន្ថែមទៀត។
ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយត្ន័ការពារខ្លួនពីជំងឺកូវីដ១៩ និងខិតខំប្រឹងប្រែង បំពេញការងារដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនអតីតយុទ្ធជន ទាំង៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម, ភួយ១, មុង១, កន្ទេល១ និងឃីត១កញ្ចប់។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានចុះពិនិត្យមើលការស្តារឡើងវិញ នូវដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ព្រមទាំងបានសង្កេតឃើញថាដំណាំស្រូវលូតលាស់ល្អ និងសង្ឃឹមថាឆ្នាំនេះ ស្រូវទទួលបានទិន្នផលខ្ពស់៕