(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញអំពីភាពសុទិដ្ឋិនិយមថា ក្នុងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអាចប្រមូលពន្ធសម្រេចតាមផែនការចំនួន២,២៧១លានដុល្លារ។ ខណៈឆ្នាំ២០២០កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធលើសផែនការ។
ថ្លែងក្នុងការផ្សាយផ្ទាល់ពិសេសមួយ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីស្តីពី «ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ» លោក គង់ វិបុល ឲ្យដឹងថា «ខ្ញុំនៅតែមានជំនឿថា ការប្រមូលពន្ធក្នុងឆ្នាំនេះនៅតែគ្រប់ផែនការ។ បើតាមការយល់ឃើញរបស់ខ្ញុំ សកម្មភាពដែលប៉ះពាល់សេដ្ឋកិច្ចខ្លាំង គឺវិស័យទេសចរណ៍ ប៉ុន្ដែការនាំចេញរបស់កម្ពុជា គឺមិនមានបញ្ហាឡើយ។ ជាក់ស្ដែងរោងចក្រកាត់ដេរអាចប៉ះពាល់ ចំពោះការកម៉្មង់ទិញ ពីប្រទេសដែលប៉ះពាល់សេដ្ឋកិច្ច ប៉ុន្ដែវិបត្តិក៏អាចក្លាយជាឱកាសដែល និងសងជំនួសមកវិញនៅការនាំចេញ»។
លោក គង់ វិបុល បានបន្ថែមថា ទឹកជំនន់ក្នុងឆ្នាំ២០២០កន្លងទៅនេះ មិនបានប៉ះពាល់ធ្ងន់ធ្ងរ លើវិស័យកសិកម្មនៅកម្ពុជាទាំងមូលឡើយ ប៉ះពាល់ក្នុងចំនួនតិចតួចប៉ុណ្ណោះ ហើយវិស័យកសិកម្មនៅតាមបណ្ដាខេត្តមួយចំនួន ក៏មានកំណើនផងដែរ។ ចំពោះវិស័យអចលនទ្រព្យមានការថមថយ ប៉ុន្ដែតម្រូវការនៅតែបន្ដមាន ចំណែកវិស័យទូរគមនាគមន៍, ផ្នែកសេវាហិរញ្ញវត្ថុ និងវិស័យសំណង់ជាដើម នៅតែបន្ដមានការកើនឡើង។
លោកបញ្ជាក់ថា «ផ្អែកលើកត្តាខាងលើនេះ ខ្ញុំនៅតែមានជំនឿថា ការប្រមូលពន្ធក្នុងឆ្នាំ២០២១នេះ នឹងដល់គោលដៅទៅតាមច្បាប់កំណត់»។
លោក គង់ វិបុល ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា ក្នុងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធឲ្យបានចំនួន៧៨ភាគរយ នៃថវិកាក្នុងឆ្នាំ២០២០ ស្មើនឹងប្រមាណ ឲ្យបានចំនួន ២,២៧១លានដុល្លារ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករ ប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៤២៣.២០ ប៊ីលានរៀល (ប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣.៧៣% ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេស មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩៕