(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល រាល់សំណើរកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយជូនឱ្យទាន់ពេលវេលាជាមួយនឹងភាពជឿជាក់និងការទុកចិត្ត។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងយ៉ាងដូចនេះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ថ្នាធ្នង់ ស្រុករំដួល និងពេលរសៀល ដឹកនាំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋឃុំបុសមន។
ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសមន ថ្នាក់ដឹកនាំអាជ្ញាធរមីន សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានប្រឹក្សា ស្រុក អភិបាលស្រុក ក្រុម ប្រឹក្សា ឃុំ និងមន្ត្រីមូលដ្ឋានឃុំ។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ និងសមិទ្ធផលសម្រេចបាននានារបស់ឃុំ ព្រមទាំង បានកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច ដែលរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសការរក្សាបាននូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទូទាំងឃុំ ។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមលើការផ្តល់សេវាសាធារណៈ និងផ្តល់ការជឿទុកចិត្តជូនចំពោះប្រជាពលរដ្ឋ ដើម្បីទទួលបាននូវ ការគាំទ្រដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្តល់នូវ សេចក្ដីគោរពសេចក្ដី ថ្លៃថ្នូរ សេចក្ដីស្រលាញ់ និងការគាំទ្រដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕