(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ នាថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព ជនបង្គោល នាយកសាលា និងតំណាងប្រជាពលរដ្ឋជាង ៣០០នាក់ មកពីឃុំចំនួន៣ ក្នុងស្រុកត្បូងឃ្មុំ គឺឃុំជប់ ឃុំស្រឡប់ ឃុំបឹងព្រួល និង២ឃុំ ក្នុងស្រុកក្រូចឆ្មារ មានឃុំព្រែកអាជី និងឃុំកំពង់ទ្រាស ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅ តម្រូវការចំបាច់ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ធ្វើការដំណោះស្រាយជូន។
ថ្លែងក្នុងពិធីសំណេះសំណាលលោក ប្រាជ្ញ ចន្ទ បានរំលឹកឡើងវិញអំពីសង្រ្គាមដែលចាប់ផ្តើមឆាបឆេះ ក្នុងឆ្នាំ១៩៧០ ឆ្លងមកដល់របបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង ឆ្នាំ១៩៧៥ រហូតដល់មានការតស៊ូដ៏អង់អាចក្លៀវក្លា ក្រោមវីរភាពដឹកនាំរបស់ឥស្សរជនជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា។ ទិវាជាប្រវត្តិសាស្រ្តដែលយើងមិនអាចបំភ្លេចបាន ហើយចាត់ទុកថាជាថ្ងៃកំណើតទីពីររបស់យើង គឺជាថ្ងៃ៧ មករា ១៩៧៩ និងជាថ្ងៃផ្តើមមានសុខសន្តិភាព នៅកម្ពុជា។
លោក ប្រាជ្ញ ចន្ទ បានលើកឡើងទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងនេះ ទើបប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជីវភាពប្រជាជនក៏កាន់តែរីកចម្រើនថ្កុំថ្កើង ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចល្អប្រសើរ គួរឲ្យកត់សម្គាល់។
ក្នុងន័យនេះ លោក ប្រាជ្ញ ចន្ទ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមេត្តារួបរួមគ្នា និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តថែរក្សាសុខសន្តិភាពឲ្យកាន់តែរឹងមាំគង់វង្សយូរអង្វែង និងប្រឆាំងដាច់ខាតចំពោះឧបាយកល របស់ពួកអមិត្ត ឬក្រុមប្រឆាំងដែលប៉ុនប៉ងបង្កអស្ថិរភាពនយោបាយ ទោះស្ថិតក្នុងរូបភាពណាក៏ដោយ។
ក្នុងឱកាសនោះលោក ប្រាជ្ញ ចន្ទ បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរួមគ្នាការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។ ព្រមទាំងសំណូមពរដល់គ្រប់ថ្នាក់ដឹកនាំ ពិសេសក្នុងមូលដ្ឋានឃុំ-ភូមិ ត្រូវបន្តយកចិត្តទុកដាក់ បន្តធានារក្សាឲ្យបាននូវសុខទុក្ខប្រជាពលរដ្ឋ និងត្រូវក្តាប់ឲ្យបាននូវរាល់បញ្ហាប្រឈមនានា ធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
ចប់ពិធីសំណេះសំណាលលោក ប្រាជ្ញ ចន្ទ បានប្រគល់ថវិកាជូនដល់មេឃុំជប់ ដើម្បីកសាងរបងសាលាឃុំ ថវិកាសម្រាប់ជួយដោះស្រាយសាំងជូននគរបាលឃុំជប់ ក្នុងការចុះល្បាត ថវិកាជូនដល់មេឃុំបឹងព្រួល ដើម្បីកសាងរបង សាលាឃុំ និងថវិកាសម្រាប់រួមចំណែកកសាងអគារប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រួល ថវិការសម្រាប់ទិញប្រេងសាំងបូមទឹក ជូនប្រជាពលរដ្ឋនៅឃុំព្រែកអាជី ព្រមទាំងចែកក្រមាចំនួនជាង៣០០ផងដែរ៕