(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានបន្តចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៉ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ។ ការចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ម៉េវលុត ឆាវូស៊ូលុ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៉ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ បានធ្វើឡើងក្រោមមូលបទ «ទេសចរណ៍ធម្មតាតាមបែបគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ» ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានបង្កដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជារិះរកទស្សនវិស័យនានា ក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ដើម្បីផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ដោយស្របទៅតាមចក្ខុវិស័យនៃកិច្ចប្រជុំ ACD សម្រាប់ឆ្នាំ២០៣០។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំនេះ តាមការផ្តួចផ្តើមរបស់ប្រទេសតួកគីដែលជាប្រធាននៃកិច្ចប្រជុំ សហព័ន្ធសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញរបស់តួកគី ក៏រៀបចំកិច្ចប្រជុំសភាពាណិជ្ជកម្មនៃកិច្ចប្រជុំ ACD លើកទី១ ផងដែរ។
គួរកត់សម្គាល់ថា កិច្ចប្រជុំ ACD នេះ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដែលត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ២០០២ នៅទីក្រុងឆាអាម ប្រទេសថៃ។ គោលដៅ នៃកិច្ចប្រជុំ ACD គឺជំរុញការពឹងអាស្រ័យគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសអាស៉ី លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ពង្រីកទីផ្សារពាណិជ្ជកម្មនិងហិរញ្ញវត្ថុនៅអាស៉ី លើកកម្ពស់ភាព ប្រកួតប្រជែងសេដ្ឋកិច្ចរបស់អាស៉ីនៅក្នុងទីផ្សារសកល និងការប្រែក្លាយតំបន់អាស៉ីទៅជាសហគមន៍អាស៉ីមួយ ដែលអាចមានទំនាក់ទំនងជាមួយពិភពលោកទាំងមូលកាន់តែមានគោលជំហរស្មើភាពគ្នា និងចូលរួមចំណែកកាន់តែវិជ្ជមានដល់សន្តិភាព និងវិបុលភាពទៅវិញទៅមក៕