(តាកែវ)៖ ក្រុមអាជីវករលក់ដូរនៅវិទ្យាល័យ ជា ស៊ីម ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាផ្ដឹតមេដៃធ្វើលិខិតមួយច្បាប់ផ្ញើទៅលោក កង អាណាន់ អភិបាលក្រុងដូនកែវ ឱ្យជួយដោះស្រាយក្រោយនាយកវិទ្យាល័យ បានគំរាមរុះរើតូបពួកគាត់ ដោយតម្រូវឲ្យពួកគាត់ទិញតូបលក់ថ្មីក្នុងទំហំទឹកប្រាក់ជិត ២ពាន់ដុល្លារ។
យោងតាមលិខិតផ្ញើជូនអភិបាលក្រុងដូនកែវ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះនាយកវិទ្យាល័យ ជា ស៊ីម, លោក ទ្រី ឆាយ បានកោះប្រជុំក្រុមអ្នកលក់ដូរទាំងអស់ ហើយប្រាប់ឲ្យរុះរើតូបចេញ និងតម្រូវឲ្យទិញតូបថ្មីដែល សាលាបានរៀបចំក្នុងតម្លៃ១៧៣៤ដុល្លារ ដោយតម្រូវឲ្យបង់៥០ភាគរយ មុននឹងទុករយៈពេលឱ្យតែ៣ថ្ងៃប៉ុណ្ណោះ បើមិនព្រមបង់ប្រាក់គឺសាលាមិនអនុញ្ញាតឱ្យលក់និងរុះរើតូបចោលតែម្ដង។
ក្រុមអាជីវករទាំងអស់បានសំណូមពរឲ្យអភិបាលក្រុងដូនកែវ ធ្វើអន្តរាគមន៍ដល់ពួកគាត់ឲ្យបានលក់ដូរនៅផ្ទះដដែល ព្រោះស្ថានភាពសេដ្ឋកិច្ចរបស់គាត់កំពុងមានបញ្ហាដោយសារស្ថានភាពជំងឺកូវីដ១៩ កន្លងមកនាំឲ្យ ពួកគាត់មិនបានលក់ដូជិតមួយឆ្នាំហើយ ដូច្នោះពួកគាត់មិនមានលទ្ធភាពក្នុងការរកថវិកាចំនួន ១៧៥៤ដុល្លារ សម្រាប់ទិញតូបថ្មីលក់នោះទេ។
ពាក់ព័ន្ធទៅនិងការស្នើសុំនេះលោក កង អាណាន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោកមិនទាន់បានទទួលលិខឹតនេះនៅឡើយទេ។
លោកថ្លែងថា «បើមានលិខិតសុំអន្តរាគមន៍បែបនេះមែន ខ្ញុំនឹងចុះពិនឹត្យស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងតែម្ដង»។ លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ មិនអាចសុំការអត្ថាធិប្បាយបានទេនៅថ្ងៃនេះ ពាក់ព័ន្ធទៅនិងការសង់តូបលក់នៅសាលានេះ៕