(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារខ្លីមួយទៅកាន់ មេបក្សប្រឆាំង និងក្រុមបក្សប្រឆាំងទាំងអស់ ត្រូវឈប់បោកប្រាស់ប្រជាពលរដ្ឋតទៀតទៅ ព្រោះថាការដែល រាជរដ្ឋាភិបាលកម្ពុជាសម្រេច ឈប់ឲ្យប្រជាពលរដ្ឋបង់ប្រាក់លើការធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេង, បញ្ឈប់ការយកលុយថ្លៃធ្វើប័ណ្ណបើកបរ សម្រាប់ម៉ូតូកម្លាំងពី(125cc) ចុះក្រោម, បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរយានយន្ត (50%), បញ្ឈប់យកថ្លៃសេវាផ្ទេរអចលនទ្រព្យ ពីជីតាជីដូនទៅចៅ ពីឪពុកម្តាយទៅកូន ពីប្រពន្ឋទៅប្តី និងប្តីទៅប្រពន្ឋ និងឈប់ឲ្យប្រជាពលរដ្ឋបង់លុយ ពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ កន្លងមកនោះ ដោយសារសមាជិក សមាជិកាគណបក្សប្រជាជន បានរៀបចំវេទិកាសាធារណៈស្រង់មតិប្រជាពលរដ្ឋ និងការទទួលមតិរបស់ប្រជាពលរដ្ឋតាមបណ្តាញសង្គម Facebook ។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សបានលើកឡើងនៅក្នុងវេទិកាជាមួយបងប្អូនប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺថា ការដែលរាជរដ្ឋាភិបាលបញ្ឈប់យកលុយលើផ្លូវជាតិលេខ៤ ដោយសារការទាមទាររបស់បក្សប្រឆាំង ។  

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់នៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖

បងប្អូនប្រាដកជាបានដឹងច្បាស់ហើយ អំពីការសម្រេចរបស់ខ្ញុំកន្លងមកថ្មីៗដើម្បីផលប្រយោជន៍ប្រទេសជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឈប់ឲ្យប្រជាពលរដ្ឋបង់ប្រាក់លើការធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេង, បញ្ឈប់ការយកលុយថ្លៃធ្វើប័ណ្ណបើកបរសម្រាប់ម៉ូតូកម្លាំងពី(125cc) ចុះក្រោម, បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរយានយន្ត (50%), បញ្ឈប់យកថ្លៃសេវាផ្ទេរអចលនទ្រព្យពីជីតាជីដូនទៅចៅ ពីឪពុកម្តាយទៅកូន ពីប្រពន្ឋទៅប្តី និងប្តីទៅប្រពន្ឋ និងឈប់អោយប្រជាពលរដ្ឋបង់លុយពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ជាដើម។

ការសម្រេចបានជាលទ្ឋផលជូនប្រជាពលរដ្ឋកន្លងមកនេះ គឺដោយសារសមាជិកសមាជិការគណបក្សប្រជាជន ដែលបានរៀបចំវេទិការសាធារណៈស្រង់យកមតិប្រជាពលរដ្ឋ រួមជាមួយ និងការទទួលមតិយោបល់របស់ប្រជាពលរដ្ឋ តាមបណ្តាញប្រព័ន្ឋព័ត៌មានផ្សេងៗ និងតាមរយះសំណូមពរពីប្រជាពលរដ្ឋមកកាន់ខ្ញុំតាម Facebook ដោយផ្ទាល់កន្លងមកនេះ ។

ខ្ញុំសូមផ្ញើសារខ្លីនេះទៅកាន់មេបក្សប្រឆាំង ព្រមទាំងក្រុមបក្សប្រឆាំងទាំងអស់ ត្រូវឈប់បោកប្រាស់ប្រជាពលរដ្ឋតទៅទៀត។ ព្រោះកន្លងទៅប៉ុន្មានអាទិត្យនេះ បក្សប្រឆាំងបានយកលទ្ឋផលដែលគណបក្សប្រជាជន និងលទ្ឋផលដែលនាយករដ្ឋមន្រ្តីបានសម្រេចខាងលើ យកទៅធ្វើនយោបាយប្រជាភិថុតឃោសនាបោកប្រជាពលរដ្ឋថា ដោយសារពួកគេទាមទារ ទើបនាយករដ្ឋមន្រ្តីសម្រេចធ្វើបែបនេះ។ នេះជាការនិយាយកុហកបោកប្រាសប្រជាពលរដ្ឋសុទ្ឋសាធ ដែលគណបក្សប្រឆាំងចេះធ្វើទៅរួចដែរ ដោយគ្មានការអៀនខ្មាស់។ តែការពិតគឺវានៅជាការពិតដដែល គឺគណបក្សប្រឆាំងគ្មានបានធ្វើអ្វីក្រៅតែអំពីការឃោសនាបោកប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ច្បាស់ណាស់ ទោះបីមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដដែល ហើយបើទោះបីគណបក្សប្រឆាំងមិនស្រែក ក៏ខ្ញុំនៅតែបន្តធ្វើបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋដដែល។ ជាការពិតគឺមានសមិទ្ឋិផលជាតិជា ច្រើនដែលខ្ញុំបានសម្រេច ដោយគ្មានការចូលរួមពីបក្សប្រឆាំងបន្តិចណាឡើយ។ អ្វីដែលគណបក្សប្រឆាំងបានធ្វើពិតប្រាកដគឺបោកប្រាស់ ជេរប្រមាថ ញុះញុងបង្កចលាចល និងដើរទៅសុំឱ្យបរទេសផ្តាច់ជំនួយ ឬកុំមកវិនិយោគនៅកម្ពុជា។ល។និង។ល។ សូមថ្នាក់ដឹកនាំបក្សប្រឆាំងគ្រប់ជាន់ថ្នាក់មានភាពថ្លៃថ្នូរកុំឆក់ប្លន់សមិទ្ធផលរបស់គេធ្វើជារបស់ខ្លួន៕